ក្រសួងការបរទេសសិង្ហបុរីបាននិយាយកាលពីថ្ងៃពុធទី ២៨ ខែកក្កដាថា ប្រទេសនេះនឹងបញ្ជូនម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ២០០គ្រឿងទៅមីយ៉ាន់ម៉ាដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ។
ម៉ាស៊ីនទាញយកអុកស៊ីសែនពីខ្យល់ចំណុះ ១០ លីត្រនេះនឹងត្រូវបញ្ជូនតាមរយៈកាកបាទក្រហមសិង្ហបុរីដែលនឹងសហការជាមួយកាកបាទក្រហមមីយ៉ាន់ម៉ាដើម្បីចែកចាយដល់សហគមន៍ដែលរងផលប៉ះពាល់។
មីយ៉ាន់ម៉ាបានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ ជិត ២៨០.០០០ នាក់គិតមកទល់ពេលនេះ ដោយអ្នកជំងឺជាង ១២ ម៉ឺននាក់ត្រូវបានកត់ត្រាក្នុងខែកក្កដាតែមួយប៉ុណ្ណោះ។ មានអ្នកស្លាប់ជាង ៧.៨០០ នាក់ជាប់ទាក់ទងនឹងជំងឺនេះ ក្នុងនោះមានជាង ៤.៥០០ នាក់បានកើតឡើងនៅក្នុងខែចុងក្រោយនេះ។
យោងតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យចនហប់ឃីនបានឱ្យដឹងថា ការឆ្លងបានកើនឡើងចាប់តាំងពីខែមិថុនាហើយប្រទេសនេះបានបង្កើតកំណត់ត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួនអំពីករណីឆ្លងថ្មីនិងស្លាប់ក្នុងខែកក្កដា។
ក្រសួងការបរទេសសិង្ហបុរីនិយាយថាការរួមចំណែកចុងក្រោយបង្អស់នេះគឺជួយបំពេញបន្ថែមលើការផ្គត់ផ្គង់ពីមុនៗរបស់សិង្ហបុរីក្នុងនោះរួមមានម៉ាស៊ីនប្រតិកម្មសង្វាក់ប៉ូលីមេរ៉េស ឧបករណ៍ធ្វើតេស្តិ៍រោគវិនិច្ឆ័យ ម៉ាស់វះកាត់ ជែលលាងដៃ និងសម្ភារៈពេទ្យដទៃទៀត៕