សហរដ្ឋអាមេរិក សម្លឹងឃើញកិច្ចសន្ទនាដ៏មានសារៈសំខាន់ជាមួយរុស្ស៊ី ខណៈកំពុងមានភាពតានតឹង (ហ្សឺណែវ)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ

បាននិយាយថាខ្លួនបានជជែកពិភាក្សាដ៏មានសារៈសំខាន់ និងប្រកបដោយវិជ្ជាជីវៈជាមួយរុស្ស៊ីដោយផ្ដោតលើ ការគ្រប់គ្រងអាវុធ ខណៈមហាអំណាច ទាំង ២ បើកកិច្ចប្រជុំមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីស្វែងរកស្ថិរភាពសម្រាប់ទំនាក់ទំនង ទ្វេភាគី។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។

ជំនួបបិទទ្វារខាងលើរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman និងអនុ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ធ្វើឡើងបន្ទាប់ពី ជំនួបកំពូលរវាងលោក ចូ បៃដិន និងលោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងហ្សឺណែវកាលពីខែមិថុនាកន្លងទៅ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Ned Price បានអះ អាងថាជំនួបរវាងលោកស្រី Wendy និងលោក Ryabkov ក្នុងទីក្រុងហ្សឺណែវគឺជាកិច្ចសន្ទនា ដ៏មានសារៈសំខាន់ និងប្រកបដោយ វិជ្ជាជីវៈ។

លោក Ned Price បានបន្ថែមដូច្នេះថា៖ «យើងនៅតែបន្តប្ដេជ្ញាចិត្ត ទោះបីជានៅក្នុងស្ថានភាព តានតឹងក៏ដោយ ដើម្បីធានាឱ្យបាននូវការព្យាករទុកជាមុន និងកាត់បន្ថយហានិភ័យនៃជម្លោះ ប្រដាប់អាវុធ និងបញ្ចៀសសង្រ្គាមនុយក្លេអ៊ែរ»។

គួរបញ្ជាក់ថា បើតាមលោក Ned Price សហរដ្ឋអាមេរិក និងរុស្ស៊ីក៏បានព្រមព្រៀងគ្នាផងដែរ ថានឹងជួបគ្នាម្ដងទៀតនៅក្នុងខែកញ្ញាខាងមុខនេះ ហើយនឹងបន្ត ទំនាក់ទំនងក្រៅផ្លូវការ រហូតដល់ ប្រធានបទសម្រាប់កិច្ចប្រជុំបន្ទាប់ត្រូវបានកំណត់៕