(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ជានិច្ចកាល តែងឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងសន្ទរកថារបស់ខ្លួន ឯកឧត្តម សុខ ទូច បានបញ្ជាក់ដូច្នេះថា៖ «ទំនាក់ទំនងរវាងប្រទេសយើង ទាំង ពីរ ជានិច្ចកាលតែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការ ផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
កម្ពុជាតែងប្រកាន់ ខ្ជាប់នូវគោលជំហរគោរព «គោល នយាបាយចិន មួយ»។
លើសពីនេះទៅទៀត កម្ពុជាក៏មាន ទំនាក់ទំនងល្អផងដែរ ជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត»។
កម្ពុជា និងចិន បានចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុន របស់រដ្ឋាភិបាលចិន បន្ទាប់ពីមានជំនួបរវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង លោក ចូវ អ៉ីនឡាយ នៅក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូលបក្ស សម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។
ថ្វីបើមកដល់ពេលនេះ ទំនាក់ទំនងការទូតផ្លូវការរវាង កម្ពុជា និងចិន ទើបមានរយៈពេលជាង៦០ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ មិនមែនទើបតែមានក្នុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយនេះទេ គឺប្រទេសទាំងពីរបានមានទំនា ក់ទំនងជាមួយគ្នាជាប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។
សម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយប្រទេសចិន ហើយបានបន្តមកទៀតនេះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនង កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតប្រដូចបានទៅជា «មិត្តដែកថែប»។
ឯកឧត្តម សុខ ទូច បានបញ្ជាក់ទៀតថា «ក្នុងកម្រិតនយោបាយ យើងឃើញថា ទំនាក់ទំនងរវាង ប្រទេសយើងទាំង ពីរពេលនេះ បានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយក្តីអំណរ ប៉ុន្តែ ក្នុងកម្រិតប្រជាជន ទំនាក់ទំនងរវាងប្រទេសយើងទាំង ពីរ ត្រូវបានឆ្លុះបញ្ចាំងក្នុងរូបភាពអវិជ្ជមាន មួយចំនួននៅឡើយ ។
ក្នុង ស្ថានភាពនេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយ គ្នាដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានា ដែលមានពីមុនមក និងកំពុងមាន យកមកបកស្រាយ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃ ប្រទេសទាំងពីរ និងជាស្ពាន ទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន»។
នៅក្នុងជំនួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អំឡុងពេល លោក វ៉ាង យី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល២ថ្ងៃ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះ អាងប្រាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំ ជាទីបំផុត ដែលធ្វើយ៉ាងណាឱ្យកម្ពុជា នៅតែបន្តរក្សាបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូររបស់ខ្លួន។
នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ ចិនបានក្លាយជាប្រទេសដើរតួនាទីដ៏ សំខាន់ក្នុងការជួយកម្ពុជា ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកចិន ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងផងដែរ៕