(ភ្នំពេញ)៖ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ចិនក្រៅតែជាដៃ គូពាណិជ្ជកម្មដ៏សំខាន់ របស់កម្ពុជាហើយនោះ កម្ពុជានិងចិន ក៏ជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន ក្នុងការរៀបចំគោលនយោបាយ និងចរចារពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងពិភពលោក។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ ធ្វើឡើងក្នុងឱកាសចូលរួមក្នុងវេទិកាកម្រិតខ្ពស់នៃ ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខេកក្កដានេះ។
ឯកឧត្តម សុខ សុភ័ក្ត្រ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកហើយ តួលេខ នៃការធ្វើពាណិជ្ជកម្មបានបង្ហាញយ៉ាងច្បាស់ថា ចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ។ មិនតែប៉ុណ្ណោះ កម្ពុជានិងចិន គឺជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន នៅក្នុងការរៀបចំគោលនយោ បាយនិងចរចាពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្នុងកំរិតតំបន់»។
ឯកឧត្តម បន្តថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន និងកម្ពុជា -ចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ និងជាទីមោទនភាពបំផុត។ ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ចិន បានដើរតួជាគំនាស់សេដ្ឋកិច្ចតំបន់ និងពិភពលោក។ បើពិនិត្យក្នុងឆ្នាំ២០១៩, ទំហំពាណិជ្ជកម្មទំនិញរវាងអាស៊ាន-ចិនមានចំនួនប្រមាណ ៦៤១ ០០០ លានដុល្លារអាមេរិក គឺកើនទ្បើងចំនួន ៩% បើធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹមប្រមាណ ៥៨៩ ០០០ លានដុល្លារអាមេរិក។ រីឯក្នុងឆ្នាំ២០២០, ពាណិជ្ជកម្មសរុបរវាងអាស៊ាន និងចិនមានចំនួន ប្រមាណ ៦៨៥ ០០០ លានដុល្លារអាមេរិក បានកើន៧% ធៀបនឹងឆ្នាំ២០១៩។
ឯកឧត្តម បន្តថា ចំពោះពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនវិញ គឺតែងតែសម្រេចបានលើសផែន ការដែលកំណត់ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧, ពាណិជ្ជ កម្មសរុបមានកំណើន១៦% ស្មើនឹង ៥ ៨០០ លានដុល្លារអាមេរិក គឺលើសទិសដៅកំណត់។ ក្នុងឆ្នាំ២០២០ ដោយសារប្រទេសទាំងពីររងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ កំណើនបានថយចុះ៥% ក៏ប៉ុន្តែពាណិជ្ជកម្មសរុបទ្វេភាគីនៅតែមានទំហំធំ គឺមានជាង ៨ ០០០ លានដុល្លារអាមេរិក។
ឯកឧត្តម បញ្ជាក់ទៀតថា ដោយមើលឃើញសក្តានុពលដ៏ធំផ្នែកពាណិជ្ជកម្ម, រដ្ឋាភិបាលនៃប្រ ទេសទាំងពីរបានដាក់ទិសដៅពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២៣ ធ្វើយ៉ាងណាសម្រេចឱ្យបាន ១០ ០០០ លានដុល្លារអាមេរិក។ បើគិតលើទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនសម្រាប់រយៈពេល៦ ខែនៃឆ្នាំ២០២១នេះទោះបីជាប្រទេសទាំងពីរបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩ក៏ដោយ ក៏កំណើនពាណិជ្ជកម្មនៅតែមានការកើនទ្បើងចំនួន៣១% គឺបានក្នុងតម្លៃជិត ៥ ០០០ លាន ដុល្លារអាមេរិក បើធៀបនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០២០ ដែលតម្លៃត្រឹមតែ ៣ ៧០០ លាន ដុល្លារអាមេរិកតែប៉ុណ្ណោះ។
ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើនជាមធ្យមប្រមាណ ពី ៦-១០% ក្នុងមួយឆ្នាំៗ ព្រោះ សេដ្ឋកិច្ចនៃប្រទេសទាំងពីរ បានបំពេញឱ្យគ្នាទៅវិញទៅមកយ៉ាងល្អ។ ជាទូទៅ កម្ពុជាបាននាំចេញ ទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ហើយនាំចូលពីចិនមកវិញនូវផលិតផលសម្រាប់ បម្រើឱ្យ ការវិនិយោគនិងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារនិងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាសនិងក្រដាសកាតុង ជាដើម។
ឯកឧត្តម សង្កត់ធ្ងន់ទៀតថា ក្នុងកំរិតតំបន់ ប្រទេសទាំងពីរ បានបំពេញឱ្យគ្នាយ៉ាងល្អនូវភាពបត់បែន ដែលជួយឲ្យកិច្ចចចារនានាសម្រេចបានជោគជ័យ។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០០២ ក្នុងឱកាស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន, កម្ពុជាបានសម្របសម្រួលឱ្យចិន និងអាស៊ានអាច ចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបានជួយបើកផ្លូវឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅក្នុងឆ្នាំបន្តបន្ទាប់ ទៀត៕