អ្នកជំងឺកូវីដ១៩ម្នាក់ កំពុងរត់គេចខ្លួន, សូមរាយការណ៍បន្ទាន់ទៅអាជ្ញាធរ បើបានឃើញបុគ្គលរូបនេះ

(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ ម្នាក់ បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។

អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញបុគ្គលដែល មានមានភិនភាគដូចបង្ហាញក្នុងរូបសូមប្រញាប់រាយការណ៍ជាបន្ទាន់។

អ្នកជំងឺកូវីដ១៩ ដែលបានរត់គេចខ្លួននេះ មានឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែល មានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យោងតាមអនុគណៈកម្មការស្រាវជ្រាវរកមេរោគកូវីដ១៩ បានឱ្យដឹងថា ឈ្មោះ សឿង វុត្ថា ត្រូវបាន ធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ នៅពេលចូលទៅសេវាព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១។

ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះ អង្គឌួងមួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាលជំងឺកូវីដ។ លុះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យព្រះអង្គឌួង និងមិន អាចទាក់ទងបានរហូតដល់ពេលនេះ។

សូមជម្រាបថា ការរត់គេចខ្លួននេះ ជាទង្វើបំពាននឹងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រឈមការពិន័យធ្ងន់ធ្ងរហើយបើមានការចម្លងដល់ជនដទៃនឹងប្រឈមជាប់ពន្ធនាគារថែមទៀតផង៕