អាជ្ញាធរខេត្តភាគខាងត្បូងរបស់វៀតណាមចំនួន១១ តំរូវអោយប្រជាជនកុំចេញទៅណារវាងម៉ោង៦ល្ងាចនិង៥ទៅ៦ព្រឹកដោយខ្លះបានចាប់ផ្តើមអនុវត្តកាលពីយប់មិញនិងខ្លះចាប់យប់ថ្ងៃពុធទី២៨កក្កដានេះទៅ ក្នុងកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
ខេត្តដែលស្ថិតក្នុងបំរាមការធ្វើដំណើរពេលយប់(វៀតណាមបដិសេធមិនប្រើពាក្យបំរាមគោចរ)រួមមាន An Giang, Hau Giang, Long An, Tien Giang, Vinh Long ,Ben Tre, Kien Giang,Binh Duong , Dong Nai,Binh Phuoc។
ប្រជាជនត្រូវបានអនុញ្ញាតអោយចេញក្រៅក្នុងពេលហាមឃាត់នេះតែក្នុងករណីគ្រាអាសន្ននិងបមពេញការងារសាធារណៈ។
ការរឹតបន្តឹងចរាចរណ៍ពេលយប់នឹងត្រូវអនុវត្តរហូតដល់ថ្ងៃ១សីហា ឬរហូតដល់មានការជូនដំណឹងថ្មី។
តាមពិតទីតាំងភាគខាងត្បូងទាំងអស់បានស្ថិតក្នុងវិធានការគម្លាតសង្គមរយៈពេល២សប្តាហ៍រួចជាស្រេចចាប់ពីថ្ងៃ១៩កក្កដាមក។វាតំរូវអោយប្រជាជនស្នាក់នៅក្នុងផ្ទះនិងអាចចេញក្រៅតែក្នុងករណីគ្រាអាសន្ននិងចេញទៅទិញស្បៀងនិងថ្នាំពេទ្យ ឬទៅធ្វើការនៅទីតាំងដែលមានការអនុញ្ញាត។មិនអនុញ្ញាតអោយជួបជុំមនុស្សចាប់ពី២នាក់ឡើងនៅតាមទីសាធារណៈ លើកលែងតែកន្លែងធ្វើការ សាលារៀនឬមន្ទីរពេទ្យ៕