ស្លាប់២របួស៣១នាក់ក្នុងហេតុការណ៍ផ្ទុះគីមីនៅអាល្លឺម៉ង់

ការផ្ទុះមួយនៅសួនឧស្សាហកម្មសម្រាប់ក្រុមហ៊ុនគីមីនៅអាល្លឺម៉ង់ក្នុងទីក្រុងឡេវើគូសេនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់កាលពីថ្ងៃអង្គារទី២៧កក្កដា ដោយ ៣១ នាក់ផ្សេងទៀតបានរងរបួសនិងជាច្រើននាក់ទៀតនៅកំពុងបាត់ខ្លួននៅប៉ុន្មានម៉ោងក្រោយការផ្ទុះ។

ក្រុមមន្ត្រីពន្លត់អគ្គិភ័យ ដែលបានតេស្តិ៍មើលគុណភាពខ្យល់ បាននិយាយថា វាមិនមានគ្រោះថ្នាក់ដល់អ្នករស់នៅក្បែរៗនោះទេបន្ទាប់ពីអាជ្ញាធរពីដំបូងបានជំរុញឱ្យប្រជាជនសម្ងំនៅតែនៅខាងក្នុងផ្ទះ។

ការផ្ទុះនៅទីតាំងគ្រប់គ្រងកាកសំណល់នៃសួនឧស្សាហកម្មឆេមផាកនៅទីក្រុងឡេវើគូសេនជិតទីក្រុងខូឡូញ បានបញ្ចោញពពកខ្មៅដ៏ធំទៅលើមេឃ។ អ្នកពន្លត់អគ្គិភ័យត្រូវប្រើពេលជិត ៤ ម៉ោងដើម្បីពន្លត់ភ្លើងដែលបានកើតឡើងបន្ទាប់ពីការផ្ទុះ។

ការិយាល័យសហព័ន្ធសម្រាប់ការការពារជនស៊ីវិលនិងផ្តល់ជំនួយក្នុងគ្រោះមហន្តរាយរបស់អាល្លឺម៉ង់ដំបូងបានចាត់ថ្នាក់ឧបទ្ទវហេតុនេះថាជា “ការគំរាមកំហែងខ្លាំងបំផុត”។

ទោះយ៉ាងណា នៅល្ងាចថ្ងៃអង្គារ នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងកូឡូញបានសរសេរលើ Twitter ថា ការវាស់ស្ទង់ការបំពុល “មិនបង្ហាញពីភាពមិនប្រក្រតីណាមួយឡើយ”។ ពួកគេបាននិយាយថា ផ្សែងបានថយចុះហើយ ប៉ុន្តែពួកគេនឹងបន្តវាស់គុណភាពខ្យល់ដើម្បីរកមើលជាតិពុល។

អាជ្ញាធរទីក្រុងឡេវើគូសេនបាននិយាយថា ការផ្ទុះបានកើតឡើងនៅក្នុងធុងផ្ទុកសារធាតុរំលាយកាកសំណល់៕