តាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation បានអោយដឹងថាក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,២៦០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាអត្រាឆ្លង បំផុតដដែល។
បើតាមក្រសួងសុខាភិបាលថៃ ករណីឆ្លងថ្មីៗខាងលើនេះ គឺត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅផង និងអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នក ជំងឺចំនួន ១១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៦៣៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរ ពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេស ចំនួន ៤៨១,៩៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៩៣០នាក់ និងអ្នកជាសះស្បើយ ៣២៧,៧៨៩ នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ថៃសម្រេចបាន ១៥.៤លានដូស ក្នុងនោះប្រជាជន ៣.៥៨ លាននាក់ (៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕