(ប៉េកាំង)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ គឺបានបញ្ជាក់ប្រាប់អោយដឹងថា ប្រទេសចិននៅថ្ងៃសុក្រសប្ដាហ៍នេះ បាន ប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលអាមេរិក មួយចំនួន រួមទាំងអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អាមេរិក លោក វីលប៊ឺ រ៉ស (Wilbur Ross) ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីៗរបស់ សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមមន្រ្តីចិនប្រចាំនៅទីក្រុងហុងកុង។
ទណ្ឌកម្មនេះត្រូវបានដាក់ដោយប្រទេសចិនជាលើកដំបូង ក្រោមច្បាប់ប្រឆាំងទណ្ឌកម្មបរទេសថ្មី របស់ខ្លួន ដែលត្រូវបានអនុម័តកាលពីខែមិថុនា ហើយប៉ុន្មានថ្ងៃមុននេះ អនុរដ្ឋមន្រ្តីការបរទេស អាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បានប្រកាសគម្រោងនឹងធ្វើទស្សនកិច្ចទៅ កាន់ប្រទេសចិន ចំពេលចំណងទាក់ទងកំពុងតែមានភាពតានតឹង។
ប្រទេសចិនក៏បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងអតីតអ្នកតំណាង ឬអ្នកតំណាងបច្ចុប្បន្ននៃអង្គការមួយ ចំនួនរបស់សហរដ្ឋអាមេរិក រួមមានគណៈកម្មការប្រតិបត្តិសភាស្តីពីប្រទេសចិន និងគណៈកម្មការ ត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន ព្រមទាំងស្ថាប័នផ្សេងៗទៀត ដែលមានឈ្មោះដូចជា វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៃកិច្ចការអន្តរជាតិ, វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ, អង្គការឃ្លាំ មើលសិទ្ធិមនុស្ស (HRW) និងក្រុមប្រឹក្សាប្រជាធិបតេយ្យហុងកុង (HKDC) ដែលមានមូលដ្ឋាននៅ ទីក្រុងវ៉ាស៊ីនតោនជាដើម។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ភាគីសហរដ្ឋអាមេរិកបានប្រឌិតរឿងជាច្រើន ដោយគ្មានមូលដ្ឋាន និងបានដាក់ទណ្ឌកម្មខុសច្បាប់ ទៅលើក្រុមមន្រ្តីចិន ប្រចាំនៅទីក្រុងហុងកុង»។ សកម្មភាពទាំងនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ ច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ហើយបានជ្រៀតជ្រែកយ៉ាងខ្លាំង ចូលទៅកាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕