(ភ្នំពេញ)៖ តុលាការកំពូលកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចរំលាយ គណបក្ស នយោបាយចំនួន៣ទៀត ដែលអសកម្មក្នុងការធ្វើសកម្មភាព និងរបាយការណ៍អស់រយៈពេល ជាច្រើនឆ្នាំ បន្ទាប់ពីមានបណ្តឹងពីក្រសួងមហាផ្ទៃ។
យោងតាមសាលដីការបស់តុលាការកំពូល ដែលទទួលបាន បញ្ជាក់ឱ្យដឹងថា គណបក្សអសកម្ម យូរឆ្នាំទាំង៣នេះ មានគណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក ហោ ម៉េងហ៊ាង ដែលត្រូវកាត់ ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១, គណបក្សវង្គត ខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា ដែលត្រូវកាត់ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងគណបក្សសង្គម ប្រជាធិបតេយ្យរបស់ លោក ថោង សុវណ្ណារ៉ា ដែលត្រូវកាត់ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្រសួង មហាផ្ទៃ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល បន្ទាប់ពីគណបក្សទាំង៣ខាងលើនេះ ស្ងាត់ដំណឹង និងអសកម្មអស់រយៈពេលច្រើនឆ្នាំ ហើយមិនអាចទាក់ទងបាន។
គិតចាប់តាំងពីឆ្នាំ២០១៧មក រហូតមកដល់ពេលនេះ គណបក្សនយោបាយប្រមាណ៤ហើយ ត្រូវតុលាការកាត់ទោសរំលាយ ដោយការល្មើសច្បាប់ធ្ងន់ធ្ងរ និងអសកម្មភាព។ ទោះជាយ៉ាងក្តី រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជា មានគណបក្សប្រមាណជិត៥០ផ្សេងទៀត កំពុងធ្វើ សកម្មភាព ដោយក្នុងនោះមានមួយចំនួន បានប្រកាសរួចហើយ ក្នុងការត្រៀមខ្លួនចូលរួមក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខ។
បើតាម ឯកឧត្តម ខៀវ សុភ័ក ពេលនេះគណបក្សថ្មីជាច្រើនទៀតកំពុងរៀបចំបង្កើតឡើង និងបាន ដាក់ ពាក្យទៅកាន់ក្រសួងមហាផ្ទៃ ជាបន្តបន្ទាប់ផងដែរ៕
ខាងក្រោមនេះជាសាលដីកាតុលាការកំពូល៖