(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានបដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់បុគ្គលចំនួន២រូប ដែលជាអតីត សមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្រ្គោះជាតិ ដោយសារបុគ្គលទាំងពីររូបនេះ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។
បុគ្គល២រូបដែលសម្តេចតេជោ ហ៊ុន សែន បដិសេធនោះមានរួមមាន៖ លោក ញឹម គឹមញ៉ុល និងលោក ជួង ជូងី។
ដោយសារបុគ្គលទាំងពីររូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរ ទៅនឹងសាល ដីការបស់តុលាការកំពូល ដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។
ទី១៖ បុគ្គល ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពចលាចល ក្នុងសង្គម ដោយបានដឹកនាំបញ្ជាផ្ទាល់សកម្មជនរបស់ អតីតគណបក្សសង្រ្គោះជាតិនៅក្នុងប្រទេស ថៃ និងបានបញ្ជាពីខាងក្រៅមកបណ្តាញរបស់ខ្លួន ដើម្បីកៀរគរកម្លាំងត្រៀមចូលផែនការវិលត្រលប់ ចូលរបស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋា ភិបាលកម្ពុជា។
ពាក់ព័ន្ធសកម្មភាពសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងបានកំពុងរៀបចំដំណើរការជំនុំជម្រះក្តីចំពោះជនត្រូវចោទឈ្មោះ ញឹម គឹមញ៉ុល ពីបទ «រួមគំនិត ក្បត់»។
ទី២៖ បុគ្គល ជួង ជូងី បានធ្វើសកម្មភាពញុះញង់ក្នុងចេតនាទុច្ចរិត រារាំង និងបំពានសិទ្ធិនយោបាយ របស់ពលរដ្ឋ ដោយបានប្រើប្រាស់បណ្តាញសង្គម ប្រព្រឹត្តអំពើទុច្ចរិតបំពាននឹងច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងគោលបំណងរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យ ទៅបោះឆ្នោត នៅឆ្នាំ២០១៨។
សកម្មភាពេនះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់សំណើជូនទៅក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលនេះហើយ ករណីនេះកំពុងស្ថិតនៅក្នុងនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ៕