កងទ័ពជើងទឹកនិងកងទ័ពអាកាសឥណ្ឌាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅរដ្ឋម៉ាហារ៉ាស្ត្រាភាគខាងលិចនៅថ្ងៃសុក្រទី២៣កក្កដានេះ បន្ទាប់ពីភ្លៀងមូសុងយ៉ាងខ្លាំងក្លាបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ជាប់គាំងនៅក្នុងទឹកជំនន់និងការរអិលបាក់ដី ដែលសម្លាប់មនុស្សយ៉ាងតិច១៨នាក់។
កម្ពស់ទឹកបានកើនឡើងដល់ ៣,៥ ម៉ែត្រនៅក្នុងតំបន់ទីក្រុងឈីបលុនស្ថិតនៅចម្ងាយ ២៥០ គីឡូម៉ែត្រពីទីក្រុងមុមបៃ បន្ទាប់ពីមានភ្លៀងធ្លាក់ឥតឈប់ ២៤ម៉ោងដែលបណ្តាលឱ្យទឹកទន្លេវ៉ាស៊ីតទីហៀរលិចផ្លូវនិងលិចផ្ទះ។
អ្នកនាំពាក្យរដ្ឋម៉ាហារ៉ាស្ត្រាបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត”។
កិច្ចប្រឹងប្រែងជួយសង្គ្រោះមានភាពយឺតយ៉ាវដោយសារបំណាក់ដីនៅស្រុករ៉ៃហ្គាដ ដែលបង្ខាំងជិតផ្លូវសំខាន់ៗជាច្រើន រួមទាំងផ្លូវហាយវ៉េរវាងក្រុងមុមបៃនិងក្រុងហ្គាវ។
កងទ័ពជើងទឹកបានបញ្ជូនក្រុមសង្គ្រោះចំនួន៧កងបំពាក់ជាមួយទូកពោង អាវពោង និង ពោង ព្រមទាំងឧទ្ធម្ភាគចក្រមួយគ្រឿងដើម្បីសណ្តោងអ្នកស្រុកដែលជាប់លើដំបូលផ្ទះ៕