ទីក្រុងហាណូយបានអនុវត្តបទបញ្ជាគម្លាតសង្គមរយៈពេល១៥ថ្ងៃចាប់ផ្តើមពីម៉ោង៦ព្រឹកថ្ងៃសៅរ៍ទី២៤កក្កដានេះក្នុងបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រធានក្រុងហូជីមិញ បាននិយាយថា សាលាក្រុងបានចេញបទបញ្ជាអោយអនុវត្តគម្លាតសង្គមតឹងរឹងបំផុតនៅទូទាំងរដ្ឋធានីហាណូយ ដោយតំរូវអោយអ្នកស្រុកនៅក្នុងផ្ទះនិងចេញក្រៅតែក្នុងករណីចាំបាច់ ដូចជាទិញស្បៀងឬថ្នាំពេទ្យហើយនឹងទៅធ្វើការនៅតាមរោងចក្រឬសហគ្រាសក្រុមហ៊ុនដែលអាជ្ញាធរអនុញ្ញាតអោយនៅបើកដំណើរការ។
អ្នកក្រុងត្រូវនៅឆ្ងាយពីគ្នាយ៉ាងតិច២ម៉ែត្រ មិនមានការជួបជុំនៅតាមទីសាធារណៈសំរាប់មនុស្សចាប់ពី២នាក់ឡើងក្រៅពីនៅកន្លែងធ្វើការ សាលារៀនឬមន្ទីរពេទ្យ។ផ្សារអាចលក់បានតែទំនិញចាំបាច់សំរាប់ការរស់នៅប្រចាំថ្ងៃ រីឯបុណ្យសពអនុញ្ញាតអោយមានមនុស្សចូលរួមត្រឹមតែ២០នាក់ចុះ។
គមនាគមន៍សាធារណៈក៏នឹងត្រូវបិទភាគច្រើន ហើយនឹងមិនមានការធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗទេ។
នេះជាលើកទី២ហើយដែលរដ្ឋធានីហាណូយដាក់ចេញបទបញ្ជាគម្លាតសង្គមដ៏តឹងរឹង ដោយបទបញ្ជាដូច្នេះលើកដំបូងត្រូវបានអនុវត្តកាលពីខែមេសាឆ្នាំ២០២០ និងត្រូវបានអនុវត្តអស់ពេលជិត១ខែ។
បទបញ្ជាកំហិតចលនាមនុស្សត្រូវបានប្រកាសឡើងនៅពេលទីក្រុងភាគខាងជើងរកឃើញការឆ្លងថ្មីជាច្រើនតែមិនដឹងប្រភពច្បាស់លាស់។កាលពីថ្ងៃសុក្រ ក្រុងហាណូយបានរកឃើញអ្នកឆ្លងថ្មី៧០នាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីកូវីដ១៩រលកថ្មីវាយប្រហារប្រទេសនេះចាប់តាំងពីចុងខែមេសាមក។ក្នុងរលកថ្មីនេះ ហាណូយបានរកឃើញអ្នកឆ្លងសរុប៨៧៩នាក់។
នៅព្រឹកនេះបានប្រកាសអ្នកឆ្លងថ្មី៥.២៧៥នាក់ទៀតបន្ទាប់ពីឆ្លងជាង៧ពាន់នាក់កាលពីថ្ងៃសុក្រ។ចំនួនឆ្លងថ្មីនេះនាំអោយចំនួនឆ្លងនៅក្នុងការផ្ទុះកូវីដក្នុងរលកថ្មីនេះកើនដល់៨៣.១៩១នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មីនៅ១៩ទីតាំងដែលត្រូវបានប្រកាសនៅព្រឹកនេះ បណ្តាខេត្តក្រុងភាគខាងត្បូងមានអ្នកឆ្លងច្រើជាងគេ ក្នុងនោះទីក្រុងហូជីមិញមាន ២.០៧០នាក់និងខេត្តឡុងអានមាន៦០៤នាក់៕