(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែ កក្កដា ឆ្នាំ២០២១គឺបានអោយដឹងថាក្រុមទីប្រឹក្សានៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការ ជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងធ្វើការ ពិចារណាលើការចាក់វ៉ាក់សាំង COVID-19 បន្ថែម ឬដូសទី៣។
បើតាមទិន្នន័យសិក្សាស្រាវជ្រាវមួយត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំរបស់ក្រុមទីប្រឹក្សា CDC ការចាក់វ៉ាក់សាំង COVID-19 បន្ថែម ឬដូសទី៣ លើក្រុមមនុស្សដែលមាន ប្រព័ន្ធភាពសុំាទន់ ខ្សោយ អាចជួយបង្កើនអង់ទីករឆ្លើយតបរបស់ពួកគេឱ្យកាន់តែរឹងមាំ។
ប៉ុន្តែ ការបោះឆ្នោតសម្រេច ចិត្តលើការផ្ដល់អនុសាសន៍ថាតើគួរ ឬមិនគួរ ចាក់វ៉ាក់សាំងបន្ថែម មិនទាន់ត្រូវបានកំណត់នៅឡើយ ទេ ដោយរង់ចាំមើលរហូតដល់ក្រោយចប់កិច្ចប្រជុំ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីប្រសិទ្ធភាព និងភាព ចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣នៅឡើយទេ។ ប៉ុន្តែ កាលពីសប្ដាហ៍មុន អ៉ីស្រាអែលបានចាប់ ផ្ដើមចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ស្របពេលក្រុមអ្នកជំនាញយល់ថាការចាក់វ៉ាក់សាំង បន្ថែមនេះអាចនឹងត្រូវបានអនុញ្ញាតក្នុងសហ រដ្ឋអាមេរិកនាពេលឆាប់ៗនេះ។
អង្គការសុខភាពពិភពលោក WHO ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យ បណ្ដាប្រទេសអ្នកមាន កុំទាន់ ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនរបស់ខ្លួន ដ្បិតបណ្ដាប្រទេសដទៃ ជាច្រើននៅជុំវិញពិភពលោក មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ៕