យប់ថ្ងៃទី២៣ កក្កដានេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅព្រលានយន្តហោះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ ២០២១នេះ នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយ របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេស ជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើក ទី២ហើយ។ លើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចស្វាគមន៍រាល់វ៉ាក់សាំងទាំងអស់របស់ប្រទេស ជាមិត្ត ដើម្បីការពារសុខភាពប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺកូវីដ១៩ ដោយមិនមានការរើសអើង ចំពោះវ៉ាក់សាំងណាមួយនោះឡើយ។

ការអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុនពីសំណាក់សម្តេច ហ៊ុន សែន ជាការបង្ហាញឱ្យឃើញ កាន់តែច្បាស់ចំពោះជំហររបស់សម្តេចតេជោ ហ៊ុន សែន ចំពោះនយោបាយវ៉ាក់សាំងដូចអ្វីដែល សម្តេចបានបញ្ជាក់នាពេលកន្លងទៅ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់ សាំងកូវីដ១៩ ដែលជាជំនួយរបស់ជប៉ុននៅយប់នេះ ក៏ជាការបញ្ជាក់ទៅមតិអវិជ្ជមានចោទប្រកាន់ រាជរដ្ឋាភិបាលផ្តល់តម្លៃតែវ៉ាក់សាំងរបស់ចិនមិនផ្តល់តម្លៃវ៉ាក់សាំងមកពីបណ្តាប្រទេសដទៃផងដែរ។

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺ កូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា។

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជំនួយ របស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលដឹកមកដល់កម្ពុជាយប់នេះមានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។

លោកជំទាវ Ai Onishi លេខាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រាប់ថា វ៉ាក់សាំងនៅសេសសល់ នឹងដឹកមកក្នុងពេលឆាប់ៗជាបន្តទៀត ក្រោយពេលការរៀបចំបានរួចរាល់។ លោកស្រី Ai Onishi ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងដែលជាជំនួយមកកាន់ប្រទេសកម្ពុជានេះ គឺជាវ៉ាក់សាំងផលិតនៅក្នុង ប្រទេសជប៉ុនផ្ទាល់តែម្តង។

ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

លោកឯកអគ្គរាជទូត បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបា រម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។

លោកបន្តថា ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជា។

បើតាមលោកឯកអគ្គរាជទូតប្រចាំនៅកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបាន ផ្តល់ជំនួយស្មើនឹងទឹកប្រាក់សរុបជាង ៥០លានដុល្លារអាមេរិកហើយ ដល់កម្ពុជា។ អំណោយទាំងនោះរួមមាន៖ ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់ អង្គការអន្តរជាតិនានាសម្រាប់ វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារ សម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។

ក្រៅពីនោះរដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើ ប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និង សម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

លោកឯកអគ្គរាជទូតក៏បានបង្ហាញជំហរមុតមាំរបស់រដ្ឋាភិបាលជប៉ុនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែល ជាមិត្តដ៏សំខាន់៕