(ភ្នំពេញ)៖ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថានបានបន្តរកឃើញវត្តមានប្រភេទ «ជ្រូកពោន» ឬ «ជ្រូកព្រុល» នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វ ជ្រូកប្រភេទនេះក៏ជាប្រភេទសត្វមានដោយកម្រផងដែរនៅលើពិភពលោក។ នេះបើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដែលបាន បញ្ជាក់ជាសាធារណៈនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថាក្រុមការងារជំនាញរបស់ក្រសួងបរិស្ថានបានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យ ប្រវត្តិ ដែលជាមោទកភាពមួយទៀតរបស់កម្ពុជា និងស័ក្តិសមដែលពិភពលោកទទួលស្គាល់ថាជា ប្រទេសដែលសម្បូរដោយធនធានជីវចម្រុះ។
* តើសត្វជ្រូកពោន ឬជ្រូកព្រុលនោះ មានលក្ខណៈយ៉ាងដូចម្ដេចខ្លះ?
យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោន ឬជ្រូកព្រុលនេះមានប្រវែងចាប់ពី ៦៥០-១០៤០ មីលីម៉ែត្រ គិតទាំងក្បាលនិងដងខ្លួន។ ពួកវាមានទម្ងន់ចាប់ពី ៧-១៤ គីឡូក្រាម កន្ទុយមានប្រវែង ចន្លោះពី ១២០-១៧០ មីលីម៉ែត្រ ជើងក្រោយ ១១៥-១៣៤ មីលីម៉ែត្រ។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។
ជាទូទៅ វាមានសម្បុរ លឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រមៅជាងផ្នែក ខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពីត្រចៀកកាត់តាមភ្នែករហូតដល់ចុងច្រមុះ និងមាន ឆ្នូតខ្មៅនៅសងខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូង និងត្រចៀកមានពណ៌ស។
ប្រសិនបើនិយាយអំពីលក្ខណៈជីវសាស្ត្រវិញ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬ ក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិត ក្លិនច្រើនជាង។
វាចាប់ផ្តើមចេះរកចំណី នៅពេលព្រលប់ដែលអាហាររបស់វា មានដូចជាមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនចាប់ពី ២-៣ ក្បាល។
រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា មិនមានការសិក្សាឱ្យបានលម្អិតពីចំនួនសត្វជ្រូកពោន នៅលើពិភពលោក និងនៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ ព្រៃធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឦសាន និងភាគខាងជើងប្រទេស កម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោន ក៏មានផងដែរនៅប្រទេសចិន មីយ៉ាន់ម៉ា វៀត ណាម និងកោះស៊ូមាត្រានៃប្រទេសឥណ្ឌូណេស៊ី។
ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញការព្រួយបារម្ភថា «ជ្រូកពោន បច្ចុប្បន្នកំពុងរងគ្រោះដោយសារតែ ការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្ម ដោយសារតែប្រជាពលរដ្ឋ មួយចំនួនមានជឿថា ខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម»។
ឯកឧត្តមបានរំឭកដែរថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានជួយសង្គ្រោះសត្វជ្រូកពោន ឬជ្រូកព្រុលមួយ ក្បាល។
វាត្រូវបានជាប់នៅក្នុងអន្ទាក់ ប៉ុន្តែសំណាងល្អ ដែលមន្ត្រីឧទ្យានុរក្សឃើញទាន់ពេល ហើយក៏បានដោះអន្ទាក់ចេញ ដើម្បីឱ្យវាមានសេរីភាពវិញ។ សត្វជ្រូកព្រុលមួយក្បាលនេះមិនមានរងរបួសអ្វីទេ ដូចនេះវាក៏ត្រូវបានដោះលែងឱ្យត្រលប់ចូលទៅ ក្នុងព្រៃវិញ។កាលពីខែមុនមន្ត្រីឧទ្យានុរក្សបានដកហូតសាច់ជ្រូកព្រុលមួយចំនួនពីជំរុំបរបាញ់មួយកន្លែងក្នុងតំបន់ជួរភ្នំក្រវាញ។
សត្វប្រភេទនេះងាយនឹងរងគ្រោះខ្លាំងណាស់ ហើយវាក៏បានទទួល រងការគំរាមកំហែងដោយការបរបាញ់ផងដែរ ជាពិសេសគឺអន្ទាក់ដែលអាចចាប់គ្រប់ប្រភេទ ទាំងអស់។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានបានសហការយ៉ាងស្អិតល្មួតជាមួយ អង្គការដៃគូដែលមានជំនាញខាងអភិរក្ស ដើម្បីអភិរក្សព្រៃឈើ និងសត្វព្រៃ ទាំងការពង្រឹងការ អនុវត្តច្បាប់ និងការអនុវត្តគម្រោងអភិរក្សនានា។
ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សបានបន្តសកម្ម ភាពដោះអន្ទាក់គ្រប់ប្រភេទចេញពីក្នុងតំបន់ការពារធម្មជាតិ ដើម្បីសង្គ្រោះសត្វព្រៃគ្រប់ប្រភេទ។ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២១នេះ មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់បានចំនួនជិត ២ ម៉ឺនអន្ទាក់ពី ក្នុងតំបន់ការពារធម្មជាតិ។
មន្ត្រីឧទ្យានុរក្ស និងដៃគូនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្តទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាទីជម្រកដ៏សំខាន់របស់សត្វព្រៃ និងការដោះ អន្ទាក់ដើម្បីសុវត្ថិភាពសត្វព្រៃ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់សូមចូលរួមទាំងអស់គ្នា ដើម្បី បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធ សឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធាន ធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថិរសម្រាប់អនាគតរបស់កម្ពុជា៕