រដ្ឋមន្ត្រីក្រសួងសាធារណការ បន្ដចុះពិនិត្យមើលការចំខឿនចិញ្ចើមផ្លូវ ប្រព័ន្ធលូ ការចាក់បេតុងស្ពាន និងផ្លូវ ក្នុងគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន ប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យមើលពីវឌ្ឍនភាពនៃការ រៀបចំខឿនចិញ្ចើមផ្លូវ សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង ប្រព័ន្ធលូ និងពិនិត្យមើលការចាក់បេតុង ស្ពាន និងផ្លូវ ដើម្បីឱ្យបានគុណភាពរឹងមាំក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុង ក្រុង សៀមរាប។

ក្នុងឱកាសចុះពិនិត្យមើលនេះដែរ ក៏មានការចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមទាំងតំណាងក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមការងារបច្ចេកទេស អាជ្ញាធរខេត្តសៀមរាប រួមទាំងអ្នក ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែចុះត្រួតពិនិត្យលើគម្រោងសាងសង់ផ្លូវនេះជាញឹក ញាប់ ដើម្បីធ្វើការតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ និងដើម្បី ក្រើនរំលឹកឱ្យ អង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាដើម្បីពិនិត្យគុណភាពនៃការសាងសង់ ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹក កខ្វក់ ដែល អាចធានាបានគុណភាពល្អប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ ពេលវេលាផងដែរ។

សូមបញ្ជាក់ដែរថា វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន ៦៦.៣៤%ហើយ ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន៧ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែ នេះ មានប្រវែងសរុបជាង ១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លាន ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀប ចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាង សង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋាន សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ, នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បី ធានាបាន នូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារ ឱ្យបានទាន់ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជា៤ប្រភេទរួមមាន៖ ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ(AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥.៨៧៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥គីឡូម៉ែត្រ៕