យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១គឺបានបញ្ជាក់អោយដឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃប្រទេសប៉េរូ នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅលីម៉ា) បានប្រកាសជាផ្លូវការថា លោក ចូស ផេដ្រូ ខាស្ទីលឡូ ទែរ៉ូនស៍ (Jose Pedro Castillo Terrones) ជាប្រធានាធិបតីជាប់ឆ្នោត ពោលគឺរយៈពេលជាង មួយខែ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែមិថុនា។
ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាបោះឆ្នោតគឺលោក ហ្សក សាឡា អារ៉េណាស៍ (Jorge Salas Arenas) នៅក្នុងពិធីមួយដែលបានធ្វើឡើង នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Jorge បានប្រកាសនាឱកាសនោះថា «លោក Jose Pedro Castillo Terrones បានក្លាយជាប្រធា នាធិបតីនៃប្រទេសប៉េរូ និងលោកស្រី ឌីណា អេស៊ីលីយ៉ា បូឡាត ហ្សេហ្គារ៉ា (Dina Ercilia Boluarte Zegarra) បានក្លាយជាអនុប្រធានាធិបតីស្ត្រីលើកដំបូង»។
សូមបញ្ជាក់ថា បើតាមលទ្ធផលនៃការបោះឆ្នោតចុងក្រោយ លោក Jose Pedro Castillo Terrones ទទួលបានសំឡេងគាំទ្រ ៨.៨៣លានសំឡេង ឬស្មើនឹង ៥០.១២% ខណៈគូប្រជែង របស់លោកគឺលោកស្រី ខៃកូ ហ្វូជីម៉ូរិ (Keiko Fujimori) ទទួលបានសំឡេងគាំទ្រ ៨.៧៩លាន សំឡេង ឬស្មើនឹង ៤៩.៨៧%៕