ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា លទ្ធផលចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបាន មិនមែនជារឿងចៃដន្យឡើយ!

សមាជិកសភាវ័យក្មេងនៅកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា លទ្ធផលនៃការចាក់វ៉ាក់ សាំង ដែលកម្ពុជាសម្រេចបានជាង៦០ភាគរយនាពេលបច្ចុប្បន្ននេះ មិនមែនជាលទ្ធផលកើត ឡើងដោយ ភាពចៃដន្យនោះទេ តែជាលទ្ធផលមួយកើតឡើងដោយការដឹកនាំ និងគិតគូរយ៉ាង ត្រឹមត្រូវ ព្រមទាំង ល្អិតល្អន់របស់រាជរដ្ឋាភិបាលកម្ពុជា។

ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋបានជាង ៦លាននាក់ ស្មើនឹងជាង ៦០ភាគរយហើយនៃចំនួនប្រជាពលរដ្ឋ ដែលកំណត់ក្នុង ការចាក់វ៉ាក់សាំង។ ជនទី៦លាន ត្រូវបានរកឃើញនៅថ្ងៃទី១៩ ខែកក្កដា ហើយក៏ទទួលបានការ ឧបត្ថម្ភថវិកា ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ពីរាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២០ ខែកក្កដា បានចេញមកអបអរសាទរជូនចំពោះពលរដ្ឋខ្មែរ ដែលជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ទី ៦លាននាក់។
ជាមួយការអបអរសាទរ សមាជិកសភារូបនេះ បានគូសរំលេចថា ខណៈប្រទេសជាច្រើន កំពុងជួប ប្រទះបញ្ហាខ្វះខាតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នោះ ប្រទេសកម្ពុជា ទោះមិនមែនជាប្រទេសអ្នកមាន ស្តុកស្តម្ភយ៉ាងណាក្តី តែបាននិងកំពុងជំរុញយន្តការចាក់វ៉ាក់សាំងទូទាំងប្រទេស។

បន្ថែមពីលើនោះ មាននូវការលើកទឹកចិត្តដល់ពលរដ្ឋខ្លួន ដើម្បីបានមកទទួលយកវ៉ាក់សាំងដោយមិនគិតថ្លៃ។ ទោះបីជាមានឧបសគ្គយ៉ាងណា យន្តការនេះ គិតមកត្រឹមពេលនេះ សម្រេចបានលទ្ធផលគួរ ជាទីមោទនៈ។

ឯកឧត្តម ហ៊ុន ម៉ានី បានចោទជាសំណួរថា លទ្ធផលដែលកម្ពុជាសម្រេចបាននេះ ជារឿងចៃដន្យទេ?

ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលេចថា លទ្ធផលដែលសម្រេចបាននេះ មិនមែនជារឿងចៃដន្យ នោះឡើយ។ លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន គ្រប់ពេលវេលា នៅជាប់នឹងប្រជាជន ស្គាល់សុខទុក្ខប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន។

ការបង្កើតច្បាប់គ្រប់គ្រងជំងឺកាចសាហាវ ការដាក់បទបញ្ជាក្នុងការបិទខ្ទប់តំបន់ហានិភ័យ និងការ អនុវត្តច្បាប់ជាបន្តបន្ទាប់ទៅលើជនល្មើសមួយចំនួនតូច សុទ្ធសឹងតែជាការអនុវត្តដើម្បីភាពសុខ សាន្តរបស់ប្រជាពលរដ្ឋទូទៅ។ សង្ឃឹមថា មកដល់ពេលនេះ មនុស្សកាន់តែច្រើនបានយល់ច្បាស់ ពីរឿងនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ក្រៅពីការដោះស្រាយនូវបញ្ហាសុខមាលភាពប្រជាពលរដ្ឋខ្លួន ការជំរុញ នូវយន្តការនៃការចាក់វ៉ាក់សាំងនេះទៀតសោត ក៏ដើម្បីបង្កលទ្ធភាពឲ្យមាននូវការបើកឡើងវិញនូវ សង្គមសេដ្ឋកិច្ច (តាមបែបគន្លងថ្មី) ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋយើង អាចប្រកបរបរទទួល ទានបានធម្មតា ដែលនេះជាកត្តាមួយជួយជំរុញបន្ថែមនូវកម្រិតជីវភាពគ្រួសារខ្លួនផង និងជំរុញសេដ្ឋ កិច្ចសង្គមជារួមផង។

«បងប្អូនប្រាកដជាមើលឃើញហើយថា មកដល់ពេលនេះ មិនថាជាប្រទេសជឿនលឿន ឬអន់ថយ នោះទេ យន្តការនៃការចាក់វ៉ាក់សាំង គឺជាជម្រើសតែមួយគត់ដើម្បីដោះស្រាយបញ្ហាខាងលើ។ អ្វីដែលយើងទាំងអស់គ្នា គួរអបអរសាទរដល់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនោះ គឺការប្រមើលមើលស្ថានការណ៍បានយ៉ាងត្រឹមត្រូវ ដែលឈានទៅដល់ការកំណត់យកយន្តការ នៃការចាក់វ៉ាក់សាំងនេះ ជាអាទិភាពតាំងពីដំបូង ក្រោយពីពិនិត្យយ៉ាងហ្មត់ចត់ទៅលើប្រសិទ្ធ ភាពវ៉ាក់សាំង ដែលនឹងត្រូវចាក់ជូនប្រជាពលរដ្ឋខ្លួន»។ នេះជាការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ានី។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដែរថា រាជរដ្ឋាភិបាល បានប្រើប្រាស់នូវគ្រប់យន្តការអន្តរជាតិ ទាំងអស់ ដើម្បីស្នើសុំ និងទិញយកវ៉ាក់សាំងជាបន្តបន្ទាប់ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប នឹងពិតជាទទួលបានការការពារដោយស្មើភាពគ្នា។ ក្រោមកិច្ចសហការល្អមកដល់ពេលនេះ កម្ពុជា អាចធានាបាននូវវ៉ាក់សាំងគ្រប់ចំនួន ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួន។

ទន្ទឹមនឹងការអបអរសាទរចំពោះលទ្ធផលសម្រេចបានលើការចាក់វ៉ាក់សាំងនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការដឹងគុណទៅដល់អ្នកពាក់ព័ន្ធទាំងឡាយ ដែលក្នុងនោះរួមមាន ប្រមុខរាជរដ្ឋា ភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ក្រុមគ្រូពេទ្យ និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត បុគ្គលិកអនាម័យ និងបងប្អូនប្រជាពលរដ្ឋល្អទាំងអស់ដែលបានចូលរួម។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញការជឿជាក់ថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប កម្ពុជា នឹងឆ្លងផុតការលំបាកដោយជំងឺកូវីដ១៩នេះជាមួយគ្នា៕