ផ្ទុះគ្រាប់បែកនៅទីក្រុងបាកដាដ ស្លាប់មនុស្សជិត៣០នាក់ និងរបួសជាង៦០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់

តាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថា មនុស្សយ៉ាងហោចណាស់ ២៨នាក់ បានបាត់បង់ជីវិត និង៦៦ នាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅឯផ្សារមានមនុស្សណែនតាន់តាប់មួយកន្លែង ស្ថិតនៅជាយភាគខាងកើតទីក្រុងបាកដាដ នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

ករណីបំផ្ទុះគ្រាប់បែកនោះ បានកើតឡើងនៅផ្សារល្បីមួយ ក្នុងសង្កាត់សេឌ័រ (Sadr) នៃរដ្ឋធានី បាកដាដរបស់អ៉ីរ៉ាក់ កាលពីថ្ងៃចន្ទម្សិលមិញ គឺមួយថ្ងៃមុនពេលពិធីបុណ្យហាជ្ជ របស់អ្នកកាន់ សាសនាឥស្លាម ត្រូវបានប្រារព្ធឡើង។ ដូច្នេះហើយទើបមានមនុស្សម្នាដើរផ្សារច្រើនកកកុញ ជាហេតុនាំឲ្យមានមនុស្សស្លាប់និងរបួស រាប់សិបនាក់បែបនេះ។ ក្រៅពីមនុស្សរងគ្រោះថ្នាក់ ការបំផ្ទុះគ្រាប់បែកកក្រើកនោះ បានបង្កឲ្យហាង និងតូបលក់ទំនិញជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ ខ្ទេចខ្ទី ហើយសំណង់គារដែលនៅក្បែរនោះ ក៏បានរងការខូចខាតផងដែរ។

សូមជម្រាបថា ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ករណីខាងលើគឺជាសកម្មភាពរបស់ ពួកគេ។ ហេតុការណ៍បំផ្ទុះគ្រាប់បែក ផ្តាច់ជីវិតមនុស្សរាប់សិបនាក់បែបនេះ បានក្លាយជារឿង កម្រនៅក្នុងទីក្រុងបាកដាដ ស្របពេលដែលស្ថានការណ៍សន្តិសុខ បានជួបភាពប្រសើរឡើង នៅអ៊ីរ៉ាក់ ចាប់តាំងតែពីរដ្ឋាភិបាលប្រទេសនេះ បានកម្ចាត់ក្រុម ISS នៅទូទាំងប្រទេសកាល ពីឆ្នាំ២០១៧ ប៉ុន្តែពេលខ្លះវានៅតែកើតមាន ដែលជាទូទៅធ្វើឡើងដោយសមាជិក ISS ដែលនៅ សល់និងបន្តសំងំខ្លួន ក្នុងប្រទេសអ៉ីរ៉ាក់៕