ប៉មទួលអេហ្វហ្វែលបើកឡើងវិញ ក្រោយបិទ៩ខែដោយសារកូវីដ១៩

នៅថ្ងៃសុក្រទី១៦ កក្កដានេះ ប៉មទួលអេហ្វហ្វែលបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរជាលើកដំបូងក្នុងរយៈពេល ៩ ខែបន្ទាប់ពីការបិទដ៏យូរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២។

ជណ្តើរយន្តរបស់ “នារីដែក” នេះនឹងវិលត្រឡប់ទៅរកភាពរស់រវើកឡើងវិញ ដើម្បីដឹកភ្ញៀវទេសចរទៅកាន់ទីកំពូលកម្ពស់ ៣០០ ម៉ែត្ររបស់វា ដោយបញ្ចប់នូវភាពអសកម្មរយៈពេលយូរបំផុតដែលបង្កមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ។

ទោះយ៉ាងណា សមត្ថភាពប្រចាំថ្ងៃនឹងត្រូវកំហិតត្រឹម ១៣.០០០ នាក់ គឺប្រហែលពាក់កណ្តាលនៃកម្រិតធម្មតា ដើម្បីគោរពច្បាប់រក្សាគម្លាតសង្គម។
ហើយចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយ អ្នកទេសចរចាំបាច់ត្រូវបង្ហាញទាំងភស្តុតាងនៃការចាក់វ៉ាក់សាំងនិងការធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩ដើម្បីស្របតាមលក្ខខណ្ឌតម្រូវការដែលរដ្ឋាភិបាលបានដាក់ចេញនាពេលថ្មីៗនេះ។

លោក ហ្សង់ ហ្វ្រង់ស៊ីស ម៉ាទីន ប្រធានក្រុមហ៊ុនប្រតិបត្តិការទួលអេហ្វហ្វែលបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ជាក់ស្តែង វាជាភាពស្មុគស្មាញនៃប្រតិបត្តិការបន្ថែមប៉ុន្តែវាអាចគ្រប់គ្រងបាន”។

បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពចុងក្រោយដោយបុគ្គលិករួចរាល់ គាត់បានប្រកាសថា “នារីដែកត្រៀមខ្លួនរួចហើយ”៕