ប្រទេសចិនប្រាប់អោយអាម៉េរិកអោយឈប់ជ្រៀតជ្រែកកិច្ចការក្រុងហុងកុង

ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍សារព័ត៌មានដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រៀមដាក់ទណ្ឌកម្មលើមន្ត្រីចិននិងព្រមានក្រុមហ៊ុនអន្តរជាតិដែលធ្វើការរកស៊ីនៅហុងកុង ចិនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែករបស់អាម៉េរិកចូលក្នុងកិច្ចការហុងកុង ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សាវ លីជៀន បានប្រាប់សន្និសីទកាសែតមួយនៅក្រុងប៉េកាំងថា ហុងកុងជារបស់ចិន និងអាម៉េរិកគួរឈប់ជ្រៀតជ្រែកចូលទោះក្នុងទំរង់ណាក៏ដោយ។

អ្នកដែលដឹងរឿងនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អាម៉េរិកត្រៀមដាក់ទណ្ឌកម្មនៅថ្ងៃសុក្រទី១៦កក្កដានេះលើមន្ត្រីចិនមួយចំនួន ដោយសារតែអ្វីដែលអាម៉េរិកគិតថាជាការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើលទ្ធិប្រជាធិបតេយ្យនៅហុងកុង ព្រមទាំងបានចេញការព្រមានទៅកាន់បណ្តាស្ថាប័នជំនួញអន្តរជាតិដែលធ្វើការរកស៊ីនៅហុងកុងទៀតផង។

កាលពីថ្ងៃពុធ ក្រសួងការបរទេសចិនក៏បាននិយាយថា អាម៉េរិកកំពុងព្យាយាមដឹកនាំបណ្តាក្រុមហ៊ុនអាម៉េរិកនិងក្រុមហ៊ុនអន្តរជាតិនៅហុងកុងទៅរកផ្លូវខុស ដោយសារតែមិនសប្បាយចិត្តការដែលចិនអនុវត្តច្បាប់សន្តិសុខជាតិនៅក្នុងទីក្រុងនេះ ។

ការិយាល័យក្រសួងការបរទេសរបស់ចិនប្រចាំហុងកុងបាននិយាយថា បរិយាកាសធុរកិច្ចរបស់ទីក្រុងនេះសំរាប់អ្នកវិនិយោគបរទេសកាន់តែមានសុវត្ថិភាពឡើង មានលំនឹងឡើងនិងងាយនឹងអាចព្យាករណ៍បាន ក្រោយការអនុវត្តច្បាប់សន្តិសុខជាតិមក។

វាបានបន្ថែមថា «ចេតនាអាក្រក់របស់អាម៉េរិកនៅក្នុងការលេង”សន្លឹកបៀហុងកុង “ដើម្បីទប់ការអភិវឌ្ឍរបស់ចិន វាច្បាស់ណាស់»៕