ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៦ ខែ កក្កដា បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ការប្រើប្រាស់ឧបករណ៍ជំនួយការបង្រៀន និងរៀន តាមប្រព័ន្ធអេឡិចត្រូនិក ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំបានបញ្ជាក់ថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ការប្រើប្រាស់ឧបករណ៍ជំនួយការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក elearning.moeys.gov.kh ដល់លោកគ្រូអ្នកគ្រូនិងអ្នកពាក់ព័ន្ធមកពីអង្គការដៃគូអប់រំ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ទីររាជធានី-ខេត្ត វិទ្យាស្ថានគរុកោសល្យសរុបចំនួន១៣៦នាក់ ស្រី៤២ នាក់ តាមរយៈប្រព័ន្ធអនឡាញ (Bigbluebutton) ជាកម្មវិធីជំនួយសម្រាប់ការរៀន និងបង្រៀន។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្តល់ដល់សិក្ខាកាម ពីសារៈសំខាន់ ក្នុងការប្រើប្រាស់កម្មវីធីសិក្សាពីចម្ងាយ eLearning Platform ព្រមទាំងស្គាល់ស្ដង់ដារ និងកម្មវិធី បើកចំហរ (Open Source) សម្រាប់ការសិក្សាតាមរយៈអេឡិចត្រូនិក៖
– ភាពខុសគ្នានៃការសិក្សាតាមរយៈអេឡិចត្រូនិក និងការសិក្សាផ្ទាល់ក្នុងថ្នាក់រៀន
– ស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងវគ្គសិក្សា Moodle សម្រាប់គ្រូ និងការគ្រប់គ្រងពេលវេលា ក្នុងសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។
វគ្គបណ្ដុះបណ្ដាលក៏បានលើកទឹកចិត្ត និងណែនាំជូនអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានបំណងបង្កើតថ្នាក់រៀន និមិត្តនេះសម្រាប់ជាវគ្គបណ្តុះបណ្តាលនានាផងដែរ៕