ក្រសួងអប់រំ៖ការវិនិច្ឆ័យលទ្ធផលនៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គោជល់ មានភាពមិនប្រក្រតី

ក្រសួងអប់រំយុវជន និង កីឡាបានចាត់ទុកថាការវិនិច្ឆ័យលទ្ធផលនៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គោជល់ មានភាពមិនប្រក្រតីនោះឡើយ។

ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្រោយពិនិត្យតាមដាន និងយល់ឃើញថា ការវិនិច្ឆ័យការប្រកួតផ្តាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់គោជល់ ប្រភេទទម្ងន់៦០គីឡូក្រាម រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឹន មេឃា នា យប់ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០:០០នាទី នៅស្ថានីយទូរទស្សន៍ CNC មានភាពមិន ប្រក្រតីដោយមិនបានអនុវត្តតាមបទបញ្ជានៃការប្រកួត ក្បួនច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈកីឡា។

ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដូចតទៅ ៖

១. ត្រូវបែងចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់រវាងសហព័ន្ធ និងស្ថានីយទូរទស្សន៍ដៃគូឧបត្ថម្ភ ដើម្បីអនុវត្តការងារឱ្យមានការទទួលខុសត្រូវច្បាស់លាស់។

២.ពង្រឹងវិន័យ និងការអនុវត្តបទបញ្ជានៃការប្រកួតឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ តាមក្បួនច្បាប់ មាន
តម្លាភាព និងយុត្តិធម៌។

៣. អភិវឌ្ឍសមត្ថមភាពមន្ត្រី អាជ្ញាកណ្ដាល ចៅក្រម និងស្នងការប្រកួតឱ្យមានសមត្ថភាពជំនាញ មនសិការ ក្រមសីលធម៌វិជ្ជាជីវៈ និងគុណតម្លៃកីឡា។

៤. ដាក់ពិន័យដល់មន្ត្រីដែលប្រព្រឹត្តខុសឆ្គងតាមទោសកំហុស ដែលបានប្រព្រឹត្ត និងលើកទឹកចិត្ត ដល់មន្ត្រីដែលអនុវត្តការងារបានល្អ និងមានស្នាដៃជាគំរូ។

៥. ករណីបញ្ហានេះកើតឡើងបន្តទៀត ក្រសួងអប់រំ យុវជន និងកីឡានឹងផ្អាកការគាំទ្រថវិកាទាំងស្រុង និងលុបប្រកាសស្តីពីការអនុញ្ញាតឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរបំពេញ ភារកិច្ចចេញពីបញ្ជីសហព័ន្ធកីឡាជាតិ៕