រដ្ឋមន្រ្តី វង សូត៖ គោលនយោបាយអភិវឌ្ឍន៍ឃុំ ជាការងារត្រូវរៀបចំឲ្យបានល្អ ដើម្បីបង្ហាញទៅប្រជាជននៅពេលឃោសនាបោះឆ្នោតខាងមុខ

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ឯកឧត្តម វង សូត បានជំរុញ និងណែនាំដល់បេក្ខភាពឈឈ្មោះបោះឆ្នោតក្រុងប្រឹក្សា ឃុំ/សង្កាត់ ត្រូវរៀបចំសរសេរគោលនយោបាយអភិវឌ្ឍន៍ក្នុងឃុំរបស់ខ្លួនឲ្យបានល្អ ដើម្បីត្រៀមក្នុងការបង្ហាញទៅប្រជាពលរដ្ឋថានៅពេលខាងមុខត្រូវមានផែនការលើកកម្ពស់ និងអភិវឌ្ឍន៍អ្វី ដែលផ្តល់ប្រយោជន៍ដល់ប្រជាជន ក្នុងនោះក៏ត្រូវចូលរួមឲ្យបានសកម្មក្នុងយុទ្ធនាការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងការងារផ្សព្វផ្សាយ និងការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានចុះមកក្នុងមូលដ្ឋានរបស់ខ្លួន ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម វង សូត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយនិងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក វង សូត បានលើកឡើងថា កន្លងមកនេះសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ក្នុងស្រុកពញាក្រែក ធ្វើបានល្អហើយទាំងការងារបម្រើប្រជាពលរដ្ឋ និងការងារផ្សេងៗទៀត តែដើម្បីឲ្យមានភាពប្រសើឡើងថែមទៀតនោះ គ្រប់បេក្ខភាពទាំងអស់ត្រូវសិក្សា សរសេរគោលនយោបាយអភិវឌ្ឍន៍ក្នុងឃុំរបស់ខ្លួនឲ្យេជាក់លាក់ ដើម្បីបង្ហាញពីផែនការច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋ។

ក្រៅពីការងារទាំងនេះជំងឺកូវីដ១៩ ដែលកំពុងប៉ះពាលយ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាសកម្មភាពការងារផ្សេងៗនោះ ក៏ត្រូវការចូលរួមផងដែរ ពីសំណាក់សមាជិកក្រុមប្រឹក្សាឃុំគ្រប់រូប និងត្រូវចូលរួមគ្រប់សកម្មភាព ពិសេសក្នុងយុទ្ធនាការវ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមបន្តថា សព្វថ្ងៃនេះនៅក្នុងឃុំខ្លះ បានអភិវឌ្ឍន៍ច្រើនពិសេសផ្លូវថ្នល់ ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវសិក្សាបន្ថែមទៀតថាតើត្រូវធ្វើអ្វីបន្តឲ្យចំគោលដៅរបស់ពួកគាត់ចង់បាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់កុំព្យូទ័រ និងទូរទស្សន៍សម្រាប់ប្រជុំតាម zoom ដល់ឃុំទាំង៩ និងគណបក្សស្រុក ក្នុងស្រុកពញាក្រែកដោយ១ឃុំទទួលបាន ១គ្រឿង រួមទាំងថវិការមួយចំនួន ដែលការផ្តល់នេះគឺជារួមចំនែក ក្នុងការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត់យ៉ាងកំហុកក្នុងខេត្តត្បូងឃ្មុំ នាពេលចុងក្រោយនេះ៕