“រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក” ជាវត្ថុបុរាណខ្មែរដ៏ល្អឯកមួយទៀត នឹងត្រូវបញ្ជូនត្រឡប់ ពីអាមេរិក មកកម្ពុជាវិញ នាពេលខាងមុខនេះ

រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក” ជាវត្ថុបុរាណខ្មែរដ៏ល្អឯកមួយទៀត នឹងត្រូវបញ្ជូនត្រឡប់ ពីអាមេរិក មកកម្ពុជាវិញ នាពេលខាងមុខនេះ ហើយពាក់ព័ន្ធករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនព័ត៌មាន នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការទទួលបានមកវិញ នូវសម្បត្តិវប្បធម៌ខ្មែរ “រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក” ។

នៅក្នុងសេចក្តីជូនព័ត៌មាននោះ បានលើកឡើងថាៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយស សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរដ៏ល្អឯកមួយទៀត នឹងត្រូវបញ្ជូនត្រឡប់ មកកម្ពុជាវិញ នាពេលខាងមុខនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ ការិយាល័យរដ្ឋអាជ្ញា សហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូង នៃក្រុងញូវយ៉ក និងការិយាល័យ ស៊ើបអង្កេត សន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក បានដំណើរការក្តីតុលាការ ទាក់ទងនឹងរូបចម្លាក់ ដ៏មានតម្លៃមួយ ដែលត្រូវបានគេស្គាល់ថា “ព្រះស្កន្ទគង់លើក្ងោក” ដែលមានប្រភព មកពីប្រទេសកម្ពុជា។

ការិយាល័យ ស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក សហការជាមួយ ការិយាល័យរដ្ឋអាជ្ញា សហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូង នៃក្រុងញូវយ៉ក បានរឹបអូសយករូបចម្លាក់នេះ ពីម្ចាស់មុន ដែលស្ម័គ្រចិត្តប្រគល់ជូន ដោយបោះបង់សិទ្ធិកាន់កាប់ វត្ថុបុរាណដ៏ពិចិត្រនេះ ត្រូវបានយកចេញ ពីប្រាសាទក្រចាប់ ដែលជាប្រាសាទមួយ ក្នុងរមណីយដ្ឋាន ប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ គ.ស.។

ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅ នៃការលួចទ្រង់ ទ្រាយធំ អស់ជាច្រើនឆ្នាំ ក្នុងអំឡុងសម័យសង្គ្រាម និងអសន្តិសុខ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថាៈ “រូប ចម្លាក់ព្រះស្កន្ទគង់លើក្ងោកនេះ គឺជាគំរូនៃភាពច្នៃប្រឌិត ដ៏គួរឱ្យស្ញប់ស្ញែង របស់បុព្វបុរសខ្មែរយើង។

ព្រះស្កន្ទទេព នៃសង្គ្រាមរបស់ សាសនាហិណ្ឌូ គឺកម្រមានឃើញ នៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញ រូបរាងយ៉ាងលេចធ្លោ នៅប្រាសាទក្រចាប់ ។ ការវិលត្រឡប់មកវិញ នៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញ នូវព្រលឹងរបស់បុព្វបុរសយើង ដែលបានចាកចេញ ពីមាតុភូមិកំណើត អស់រយៈពេលច្រើនឆ្នាំ កន្លងមក ក្នុងអំឡុងសម័យសង្គ្រាម។

យើងខ្ញុំមានក្តីរំភើប ឥតឧបមា នៅពេលដែលយើង អាចទទួលបានមកវិញ នូវសម្បត្តិវប្បធម៌ ដ៏មានតម្លៃជាច្រើន ដែលត្រូវបាននាំចេញ ដោយខុសច្បាប់ ពីប្រទេសកម្ពុជា ជាអាទិ៍ – រូបចម្លាក់ព្រះឥសូរ និងព្រះស្កន្ទ ដែលនឹងបញ្ជូនត្រឡប់ មកកម្ពុជាវិញ នាពេលឆាប់ៗ ខាងមុខនេះ ហើយជឿជាក់ថា បានយក ចេញពីកន្លែងតែមួយ ជាមួយនឹងរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក នៅក្នុងតួប៉មកណ្តាល នៃប្រាសាទក្រចាប់។

ការត្រឡប់មកវិញនៃរូបចម្លាក់ទាំងនេះ និងរបកគំហើញថ្មីៗ ជាបន្តបន្ទាប់ បានផ្តល់ឱ្យប្រជាជនកម្ពុជា និងពិភពលោក នូវការយល់ដឹងកាន់តែប្រសើរថែមទៀត អំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរបុរាណ។

លោកជំទាវ ភឿង សកុណា សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំដ៏ឈ្លាសវៃ និងនយោបាយឈ្នះ- ឈ្នះរបស់ សម្តេច ដែលបាននាំមកនូវសន្តិភាព សម្រាប់ប្រទេសកម្ពុជា ដោយផ្ដល់ឱកាស ដល់ការវិលត្រឡប់មកវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយ ពីមាតុភូមិកំណើត អស់ជាច្រើនឆ្នាំមកហើយ នាសម័យសង្គ្រាម។

លោកជំទាវ រដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ និងកោតសរសើរ ដោយស្មោះដល់ ការិយាល័យ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូង នៃក្រុងញូវយ៉ក, ការិយាល័យ ស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក និងស្ថាប័ន ដែលពាក់ព័ន្ធទាំងឡាយ ទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេស ស្ថានទូត សហរដ្ឋអាមេរិក នៅភ្នំពេញ ក្រុមការងាររបស់ក្រសួង និងចំពោះ លោក សុខ ពុទ្ធិវុធ ដែលបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់ការធ្វើកំណាយ នៅប្រាសាទក្រចាប់។

លោកជំទាវ រដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសរសើរ ជាពិសេសដល់លោក Bradley J. Gordon ជាស្ថាបនិក នៃក្រុមហ៊ុន Edenbridge Asia និងលោក Steve Heimberg មកពីក្រុមហ៊ុន Helmberg Barr LLP ។

លោកទាំងពីរ បានចំណាយពេលវេលា ដ៏មានតម្លៃ អស់រយៈពេល ជាច្រើនឆ្នាំ សហការជាមួយ មន្ត្រីរបស់យើង ក្នុងកិច្ចចរចានាំយកសម្បត្តិវប្បធម៌ខ្មែរ ត្រឡប់មកវិញ និងបានធ្វើកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយក្រុមការងារកម្ពុជា រហូតមានការរកឃើញ នូវរតនៈ សម្បត្តិខ្មែរ ជាច្រើន និងកំណត់បាន នូវទីតាំងដើមនៃ រូបចម្លាក់ព្រះឥសូរ និងព្រះស្កន្ទ និងរូបចម្លាក់ ព្រះស្កន្ទគង់លើក្ងោក នៅក្នុងប្រាសាទក្រចាប់នេះ។

ជាចុងក្រោយ លោកជំទាវ បានបញ្ជាក់ថាៈ “យើងពិតជាមានមោទនភាពចំពោះកិច្ចសហការ រវាងរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ ក្នុងការចូលរួម ការពារបេតិកភណ្ឌវប្បធម៌ខ្មែរ ដើម្បីជាឧត្តម ប្រយោជន៍ សម្រាប់មនុស្ស ជាតិទូទៅ ជាពិសេសដល់កូនខ្មែរ ជំនាន់ក្រោយ ដែលពួកគេនឹងមានឱកាស ក្នុងការសិក្សាស្វែងយល់ អំពីគុណតម្ល នៃរតនសម្បត្តិទាំងនេះ ដែលជាអត្តសញ្ញាណវប្បធម៌ ដ៏ខ្ពង់ខ្ពស់របស់ជាតិ និងបុព្វបុរសខ្លួន៕