អ្នកបកប្រែអាហ្វហ្គានីស្ថាន ២០,០០០នាក់ ស្នើសុំសិទ្ធិជ្រកកោននៅអាមេរិក ក្រោយការដកកងទ័ព

តាមសេតវិមានដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែ កក្កដា ឆ្នាំ២០២១បានអោយដឹងថា ជនជាតិអាហ្វហ្គានីស្ថាន ២០,០០០នាក់ ដែលធ្លាប់បម្រើការ ជាអ្នកបកប្រែឱ្យកងទ័ពអាមេរិក ក្នុងសង្រ្គាមនៅអាហ្វហ្គានីស្ថាន និងកំពុងព្រួយបារម្ភពីការសងសឹក ពីសំណាក់ក្រុមតាលីបង់នោះ បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមានលោកស្រី ចេន សាគី (Jen Psaki) បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏ កំពុងពិចារណាផងដែរ លើការដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន ដោយក្រុមគ្រួសារជាច្រើននាក់ទៀត របស់អតីតអ្នកបកប្រែឱ្យកងទ័ពអាមេរិក។

ប៉ុន្តែលោកស្រី មិនបានបញ្ជាក់ថា មានប៉ុន្មានគ្រួសារ ដែលបានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិកនោះទេ ខណៈមានការប៉ាន់ស្មាន ជាច្រើនថា ជនជាតិអាហ្វហ្គានីស្ថានដែលមានសិទ្ធិស្របច្បាប់ អាចដាក់ពាក្យសុំសិទ្ធិជ្រកកោន គឺមានរហូតដល់ជាង ១០០,០០០នាក់ឯណោះ។

បើតាមប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា កងទ័ពអាមេរិកនឹងត្រូវដកចេញ ទាំងស្រុងពីអាហ្វហ្គានីស្ថាន នៅត្រឹមចុងខែសីហាខាងមុខនេះ ពោលគឺឱ្យបានមុនថ្ងៃខួបវាយ ប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកសម្រេចបាន ការដកកងទ័ពបានច្រើនជាង ៩០ភាគរយ ហើយបើតាមក្រុមមន្ត្រីអាមេរិក ការជម្លៀសប្រជាជន អាហ្វហ្គានីស្ថាន ដែលធ្លាប់បម្រើការឱ្យកងទ័ពអាមេរិក អាចនឹងធ្វើនៅក្នុងខែកក្កដានេះ៕