អង្គការសហប្រជាជាតិ ( NU ) អំពាវនាវឲ្យម្ចាស់ជំនួយអន្តរជាតិ ជួយសង្គ្រោះប្រជាជន អាហ្វហ្គានីស្ថាន

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ ២០២១បានបញ្ជាក់អោយដឹងថា ក្រុមការងារមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (UN) បានជំរុញ ឲ្យម្ចាស់ជំនួយអន្តរជាតិ បង្កើនការជួយគាំទ្រ ចំពោះប្រទេសអាហ្វហ្គានីស្ថាន ខណៈគ្រោះរាំងស្ងួត កំពុងតែកើនឡើង និងការដកកងទ័ពបរទេសចេញ ដែលនាំឲ្យប្រជាជនជាច្រើនត្រូវបង្ខំចិត្ត ជម្លៀស ខ្លួនដើម្បីសុវត្ថិភាព។

លោក រ៉ាមីស អាឡាកបារ៉ូវ (Ramiz Alakbarov) អ្នកសម្របសម្រួល កិច្ចការ មនុស្សធម៌ដល់អាហ្វហ្គានីស្ថានប្រចាំនៅ UN បានថ្លែងថា «ទឹកប្រាក់ជំនួយប្រមាណ ១.៣ពាន់លាន ដុល្លារអាមេរិក ដែលត្រូវបានស្នើសម្រាប់អាហ្វហ្គានីស្ថាន កាលពីដើមឆ្នាំ២០២១នេះ គឺយើងទើប ទទួលបានតិចជាង ៤០% ប៉ុណ្ណោះ»។

បើតាមមន្ត្រី UN រូបនេះ ប្រជាជនអាហ្វហ្គានីស្ថានប្រមាណ ១៨លាននាក់ (ស្មើពាក់កណ្តាលចំនួននៃប្រជាជនសរុប) កំពុងត្រូវការជំនួយ ហើយ ១ ភាគ ៣ នៃចំនួនប្រជាជនក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងខ្វះអាហាររូបត្ថម្ភ ជាពិសេសគឺកុមារអាយុ ក្រោម ០៥ឆ្នាំនោះតែម្តង។

សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ទឹកប្រាក់ជំនួយប្រមាណ ៤៥០លានដុល្លារប៉ុណ្ណោះដែល ត្រូវបានផ្តល់ ហើយវាពិតជាតិចជាងតម្រូវការជាក់ស្តែងខ្លាំងណាស់។

ដោយឡែកសម្រាប់ការដកកងទ័ពអាមេរិកទាំងស្រុង នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ត្រូវ បានអ្នកឃ្លាំមើលព្រួយបារម្ភថា នឹងបង្កឲ្យប្រទេសនេះ ធ្លាក់ចូលក្នុងបញ្ហាអសន្តិសុខខ្លាំងឡើងវិញ ព្រោះតែការបង្កើនឥទ្ធិពលនៃក្រុមឧទ្ទាមតាលីបង់ ក្នុងការប្រយុទ្ធដណ្តើមយកទឹកដី។

បើតាមលោក បាបា បាឡូច (Babar Balock) អ្នកនាំពាក្យនៃឧត្តមស្នងការ UN ទទួលបន្ទុកជន ភៀសខ្លួន បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវប្រទេសស្វីស កាលពីដើម សប្តាហ៍នេះថា «ប្រទេសអាហ្វហ្គានីស្ថាន កំពុងស្ថិតនៅក្បែរមាត់ជ្រោះ នៃវិបត្តិមនុស្សធម៌មួយ ផ្សេងទៀតហើយ»៕