យោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១បាន អោយដឹងថា មនុស្សយ៉ាងហោច ៥៩នាក់នៅប្រទេសអាល្លឺម៉ង់ និង ០៩នាក់ទៀត នៅប្រទេស ប៊ែលហ្ស៉ិក បានបាត់បង់ជីវិត ខណៈជាច្រើននាក់កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទឹកជំនន់ដែល បង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទៅលើតំបន់អឺរ៉ុបខាងលិច ដែលបណ្តាលឱ្យផ្ទះ ជាច្រើនខ្នង ត្រូវបាក់ដួលរលំផងដែរ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
អាជ្ញាធរអាល្លឺម៉ង់ បានគូស បញ្ជាក់ថា សាកសពចំនួន ៣១នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុត របស់ខ្លួន គឺរដ្ឋ North Rhine-Westphalia ខណៈ ២៨នាក់ទៀតនៅក្នុងរដ្ឋជិតខាង គឺរដ្ឋ Rhineland-Palatinate ហើយមនុស្សប្រហែល ១,៣០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ ប្រជាជនប្រហែលជា ២០០,០០០គ្រួសារ នៅក្នុងរដ្ឋ North Rhine-Westphalia និង Rhineland-Palatinate ក៏កំពុងគ្មានអគ្គីសនីប្រើប្រាស់ផងដែរ។
ចំណែកឯនៅបែលហ្ស៊ិកវិញ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបណ្តាលឱ្យទឹកទន្លេនៅតំបន់ Wallonia កើនឡើងយ៉ាងខ្លាំងរហូតដល់ជន់លិចខេត្ត Liege និង Namur ហើយប្រជាជននៅខេត្ត Liege ប្រមាណជិត ១,៨០០នាក់ត្រូវបានគេប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ឱ្យជម្លៀសចេញជា បន្ទាន់ ខណៈបណ្តាញផ្លូវដែក Infrabel របស់ប្រទេសនេះ ក៏កំពុងត្រូវផ្អាកសេវាកម្មនៅពាក់ កណ្តាលភាគខាងត្បូងនៃប្រទេសនេះផងដែរ ដោយសារតែហានិភ័យក្នុងការធ្វើដំណើរ៕