រយៈពេលប្រាំមួយខែៈបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ៤.២៣៨ ករណី

ក្នុងរយៈពេល៦ខែគិតចាប់ពី ខែ មករា ដល់ខែ មិថុនាកន្លងទៅនេះមន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន ១៤.៤២២ លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤.២៣៨ ករណី។

ក្នុងចំណោមបទល្មើស ទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន ៥១១ ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅ តុលាការបានចំនួន ៥១៥ ករណី ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្ងៃទី១៥ ខែ កក្កដានេះថាក្នុងចំណោមបទល្មើសដែលបង្ក្រាបបានទាំងនេះ ភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។

ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ក្នុងចំណោមបទល្មើសដែលបង្ក្រាបច្រើនជាងគឹមានដូចជា ខេត្ត កំពង់ធំ ព្រះវិហារ សៀមរាប ពោធិ៍សាត់ កោះកុង ខេត្តស្ទឹងត្រែង និងខេត្តក្រចេះជាដើម។

ជាមួយគ្នា ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងដែរថាបទល្មើសដែលបង្ក្រាបបានទាំងនេះគឺកិច្ចរួមគ្នារវាងមន្ត្រីឧទ្យាននុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូ។

ឯកឧត្តមថាក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវរួម ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។

ជាមួយមន្ត្រីឧទ្យានុរក្សចំនួន ១.២៦០ នាក់របស់ខ្លួន ក្រសួងបរិស្ថានបានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥ កន្លែងដែល មានផ្ទៃដីសរុប ៧,៣លានហិកតា។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ២.៤៦២ គ្រឿង ដកហូតរថយន្តចំនួន ១៨២ គ្រឿង គោយន្តចំនួន ៣០៨ គ្រឿង ម៉ូតូចំនួន ៣៣៦ គ្រឿង ត្រាក់ទ័រចំនួន ២៤ គ្រឿង ឈើចំនួន ១.២៦០ម៉ែត្រគូប។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា”ឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិនៅបានបង្ក្រាបអន្ទាក់ចំនួន ២៥.៥៩៦ អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ ដើម”។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗកើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។

ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ឯកឧត្តម បានបញ្ជាក់ថា ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវគោល នយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋានផ្តល់ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិដើម្បីផ្តល់ចំណូលជា ប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារ ភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។

ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថា ក្រោមសុខសន្តិភាពកម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។

ដោយសារតែការការពារនិងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបាន ទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីលក់ឥណទានកាបូន»។

សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕