ប្រទេសរុស្ស៊ីទទូចដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ គឺ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋ អាមេរិកមិនគួរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបាទេ ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីន តោនដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកោះនេះ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានបំផ្លាញសេដ្ឋកិច្ច របស់ប្រទេសគុយបាដោយចេតនាតាមរយៈការដាក់ទណ្ឌកម្មដែលមានអាយុកាលមួយទសវត្សមកហើយ ក្នុងគោលបំណងរើសអើងប្រជាជននៃប្រទេសមួយនេះ។

លោកស្រីក៏បានកត់សម្គាល់ថា ការរក្សាប្រទេសគុយបានៅក្នុងបញ្ជីប្រទេសគាំទ្រភេរវកម្ម បានរារាំង ការអភិវឌ្ឍរបស់ប្រទេសមួយនេះក៏ដូចជាការរារាំងការធ្វើសមាហរណកម្មទៅក្នុងដំណើរការនយោបាយរបស់ពិភពលោក។

លោកស្រីបន្ថែមថា ជំនួសឱ្យការជួយប្រទេសគុយបា នៅពេលដែលប្រទេសមួយនេះកំពុងប្រឈម នឹងជំងឺរាតត្បាតសហរដ្ឋអាមេរិកកំពុងតែអនុវត្តគោលនយោបាយដែលមានគោលបំណងបង្កើនភាពតានតឹង និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែធ្ងន់ធ្ងរឡើង ដើម្បីជំរុញឱ្យមានអារម្មណ៍ប្រឆាំង នឹងរដ្ឋាភិបាល។

អ្នកនាំពាក្យរូបនេះបាននិយាយដូច្នេះថា«យើងជំរុញក្រុងវ៉ាស៊ីនតោន…កុំឲ្យជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ»៕