ជើងហោះរវាងហុងកុង-ភ្នំពេញ នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅចុងខែកក្កដានេះ

យោងតាមការប្រកាស លើគេហទំព័រផ្លូវការ របស់ក្រុមហ៊ុន Cathay Pacific នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះបានអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសពីចាប់ផ្តើម ដំណើរការជើងហោះរបស់ខ្លួន ឡើងវិញ រវាងទីក្រុងហុងកុង ប្រទេសចិន និងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានរយៈពេល២សប្តាហ៍មួយជើង រវាងទី ក្រុងហុងកុង និងរាជធានីភ្នំពេញ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ ឲ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា សូមស្វាគមន៍ចំពោះការដំណើរការជើង ហោះហើរ ឡើងវិញនេះ។

លោកថា ការដំណើរការឡើងវិញនេះ ភាគច្រើនជាជើងហោះហើរ ដើម្បីដឹកជញ្ជូនទំនិញ (Cargo) ប៉ុណ្ណោះ សម្រាប់ការដឹកជញ្ជូនភ្ញៀវ នៅមានកម្រិតតិចតូចបំផុត ដោយសារការរីករាលនៃជំងឺកូវីដ១៩ និងការរឹតត្បិតការចេញចូល របស់បណ្តាប្រទេស នៅលើពិភពលោក។

ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់ទៀតថា ការហោះហើរនេះក៏ដើម្បីកុំឲ្យយន្តហោះទុកចោលយូរ ដែលអាចនឹងមានបញ្ហាខូចខាត ហើយអ្នកបើកបរយន្តហោះក៏ដូចគ្នាដែរ ដាច់ខាតត្រូវឲ្យមានការ ហោះហើរ យ៉ាងហោច៣ខែម្តង ដើម្បីរក្សានូវអាជ្ញាប័ណ្ណហោះហើររបស់ពួកគេ៕