៧២នាក់ស្លាប់ និង៩.២៧៦នាក់ឆ្លងកូវីដ១៩ថ្មីនៅប្រទេសថៃ

ក្រសួងសុខាភិបាលថៃបានប្រកាសនៅថ្ងៃសុក្រនេះថា អ្នកជំងឺកូវីដ១៩ចំនួន៧២នាក់បានស្លាប់និងមនុស្ស៩.២៧៦នាក់ទៀតបានឆ្លងជំងឺនេះនៅ២៤ម៉ោងកន្លងទៅក្នុងនេះ៨.៩៩៨នាក់ជាប្រជាជនទូទៅ និង២៧៨នាក់ជាអ្នកទោសក្នុងពន្ធនាគារ។

ចំនួនបាត់បង់ជីវិតដោយកូវីដ១៩ថ្ងៃនេះនៅទាបជាងចំនួនស្លាប់ដែលត្រូវបានប្រកាសកាលពីម្សិលមិញបន្តិច គឺ៧៥នាក់ ដែលជាចំនួនស្លាប់ដោយកូវីដក្នុងមួយថ្ងៃខ្ពស់បំផុតនៅថៃ។ប្រឈមនឹងការស្លាប់និងឆ្លងកូវីដ១៩កើនឡើងជាប្រចាំដូចនេះ រដ្ឋាភិបាលថៃគ្រោងនឹងដាក់ចេញវិធានការរឹតបន្តឹងចលនាមនុស្សខ្លាំងឡើង ដើម្បីពន្យឺតការចម្លងកូវីដ១៩ ។

នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដែលខ្លួនលោកកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ បាននិយាយថាលោកតាមដានសភាពការណ៍កូវីដ១៩យ៉ាងដិតដល់ជាមួយនឹងក្តីបារម្ភ និងមានបំណងដាក់ចេញវិធានការទប់ស្កាត់កូវីដ១៩ដោយសមស្រប៕