ក្រុងបាងកកនិងខេត្តជុំវិញស្ថិតក្នុងពាក់កណ្តាលបិទខ្ទប់ដោយត្រូវនៅក្រោមបំរាមគោចរ បិទផ្សារនិងកំហិតចរាចរណ៍មនុស្ស

ក្រុងបាងកកនិងខេត្តនៅជុំវិញនឹងស្ថិតក្រោមវិធានការប្រឆាំងកូវីដ១៩តឹងរឹងឡើងរយៈពេល១៤ថ្ងៃ ដែលរួមមានបំរាមគោចរចាប់ពីម៉ោង៩យប់ដល់៤ភ្លឺ កំហិតចរាចរណ៍មនុស្សនៅ”តំបន់ខ្មៅ”ចំនួន១០ខេត្ត ហាមការជួបជុំមនុស្សលើសពី៥នាក់និងបិទហាងចាប់ពីម៉ោង៨យប់ជាដើមនៅពេលអ្នកជំនាញព្រមានថាចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃនឹងកើនដល់១០.០០០នាក់នៅប៉ុន្មានសប្តាហ៍ខាងមុខ។

វិធានការរឹតបន្តឹងនេះ ភាគច្រើននឹងចាប់ផ្តើមនៅថ្ងៃចន្ទទី១២កក្កដា ហើយនឹងមានរយៈពេល១៤ថ្ងៃ។ការធ្វើដំណើររបស់មនុស្សនៅក្នុងខេត្តចំនួន១០ដែលគេហៅថា”តំបន់ខ្មៅ” នឹងត្រូវកំហិត។មន្ត្រីថៃបាននិយាយថា តំបន់ខ្មៅនេះរួមមានក្រុងបាងកក ខេត្តជុំវិញចំនួន៦និងខេត្តភាគខាងត្បូងចំនួន៤ ដែលមានអត្រាឆ្លងជំងឺខ្ពស់។

បំរាមគោចរចាប់ពីម៉ោង៩យប់ដល់៤ភ្លឺ នឹងត្រូវអនុវត្តនៅក្នុងតំបន់នេះ ហើយប្រជាជនត្រូវលើកទឹកចិត្តអោយចេញពីផ្ទះតែក្នុងករណីមានការងារសំខាន់និងចាំបាច់ប៉ុណ្ណោះ។ការជួបជុំណាមានមនុស្សលើសពី៥នាក់ក៏នឹងត្រូវហាមឃាត់ដែរ លើកលែងតែពិធីដូចជាបុណ្យសព។

ការធ្វើដំណើរឆ្លងកាត់ខេត្តក៏នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃសៅរ៍ទី១០កក្កដានេះទៅ ដោយប៉ុស្តិ៍ត្រួតពិនិត្យជាច្រើននឹងត្រូវបង្កើតឡើងដើម្បីកំហិតចរាចរណ៍មនុស្សចេញពីតំបន់ផ្ទុះជំងឺទៅកាន់ផ្នែកផ្សេងៗនៃប្រទេស។ក្នុងតំបន់ក្រុងបាងកក បណ្តាផ្សារធំៗ(mall)កន្លែងស្ប៉ា ម៉ាស្សានឹងត្រូវបិទ។

ហាងលក់ដូររបស់ចាំបាច់អាចនៅបើកដំណើរការបានតែត្រូវបិទនៅម៉ោង៨យប់ ។វារួមមានផ្សារទំនើប(supermarket) ភោជ្ជនីយដ្ឋានលក់សំរាប់យកទៅបរិភោគនៅខាងក្រៅ ធនាគារនិងបណ្តាស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងឳសថស្ថាននិងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងផ្សារធំៗ។គមនាគន៍សាធារណៈនឹងបញ្ឈប់នៅត្រឹមម៉ោង៩យប់។

គ្រប់ក្រសួងមន្ទីររបស់រដ្ឋត្រូវបិទ តែបុគ្គលិកត្រូវធ្វើការចេញពីផ្ទះដោយពេញសមត្ថភាពនិងអាជ្ញាធរកំពុងអំពាវនាវអោយបណ្តាស្ថាប័នឯកជនធ្វើដូចគ្នា។
ប្រឈមនឹងការឆ្លងកូវីដ១៩ចេះតែកើនឡើងនៅរយៈពេល១សប្តាហ៍មកនេះ ក្រុមការងារកូវីដ១៩ថៃដឹកនាំដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានអនុម័តវិធានការរឹតបន្តឹងនេះក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។

ចំនួនអ្នកជំងឺកូវីដ១៩ស្លាប់បានហក់ឡើងខ្ពស់បំផុត គឺ៧៥នាក់ និងកាលពីម្សិលមិញថៃបានរាយការណ៍អ្នកស្លាប់៧២នាក់ទៀតដោយកូវីដ១៩ និងមនុស្ស៩.២៧៦នាក់បានឆ្លងថ្មី។ចំនួននេះធ្វើអោយថៃមានអ្នកឆ្លងសរុប ៣១៧.០០០នាក់និង២.៥៣៤ស្លាប់ចាប់តាំងពីជំងឺកូវីដ១៩បង្ហាញវត្តមានពីដើមឆ្នាំមុនមក៕