ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃសុក្រទី៩កក្កដាថា ពួកគេបានកាន់កាប់ព្រំដែនដ៏សំខាន់មួយជាមួយប្រទេសអ៊ីរ៉ង់ គឺតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីចូ បៃដិន បានចេញមុខការពារយ៉ាងម៉ឺងម៉ាត់ចំពោះការដកទ័ពអាម៉េរិកចេញពីអាហ្វហ្គានីស្ថាន។
ក្រុមនេះបានកាន់កាប់ស្រុកជាងមួយភាគបីនៃស្រុកទាំង ៤០០ របស់ប្រទេសចាប់តាំងពីសហរដ្ឋអាម៉េរិកបានពន្លឿនការដកទ័ពចេញចុងក្រោយរបស់ខ្លួនតាំងពីដើមខែឧសភា ដោយក្រុមបះបោរឥឡូវនេះបានកាន់កាប់ដែនដីមួយពីព្រំដែនអ៊ីរ៉ង់ឆ្ពោះទៅព្រំដែនជាមួយចិន។
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថា កិច្ចប្រឹងប្រែងកំពុងធ្វើឡើងដើម្បីដណ្តើមយកមកវិញនូវតំបន់អ៊ីស្លាមកាឡា ដែលជាច្រកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាហ្វហ្គានីស្ថាននិងអ៊ីរ៉ង់ ខណៈក្រុមបះបោរនេះនៅតែបន្តដណ្តើមកាន់កាប់ទឹកដីកាន់តែច្រើនឡើងនៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ថារេក អារៀន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា “កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានទាំងអស់រួមទាំងអង្គភាពតាមព្រំដែនកំពុងមានវត្តមាននៅក្នុងតំបន់នោះ ហើយកិច្ចប្រឹងប្រែងកំពុងដំណើរការដើម្បីដណ្តើមកាន់កាប់ទីតាំងនោះឡើងវិញ”។
អ្នកនាំពាក្យតាលីបង់លោកហ្សាប៊ីហ៊ូឡា មូចាហ៊ីដ បាននិយាយថា “ច្រកឆ្លងកាត់ព្រំដែនមួយនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងទាំងស្រុង”។
ប៉ុន្មានម៉ោងមុននេះ លោកបៃដិនបាននិយាយថា បេសកកម្មយោធាអាម៉េរិកនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា ពោលគឺជិត ២០ ឆ្នាំបន្ទាប់ពីបេសកកម្មរបស់ខ្លួនបានចាប់ផ្តើមដោយសម្រេចគោលដៅទាំងអស់របស់ខ្លួន។
ប៉ុន្តែលោកក៏បានសារភាពផងដែរថាវាមិនទំនងទេដែលរដ្ឋាភិបាលក្រុងកាប៊ុលអាចគ្រប់គ្រងប្រទេសបានទាំងស្រុង។
អំពីការបន្តនៅប្រទេសនេះ លោកនិយាយថា “ស្ថានភាពបច្ចុប្បន្នមិនមែនជាជម្រើសទេ។ ខ្ញុំនឹងមិនបញ្ជូនជនជាតិអាម៉េរិកមួយជំនាន់ទៀតទៅធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាននោះទេ”។
រុស្ស៊ីកាលពីថ្ងៃសុក្របាននិយាយថា ពួកតាលីបង់បានគ្រប់គ្រងប្រហែល ២ ភាគ ៣ នៃព្រំដែនអាហ្វហ្គានីស្ថាន-តាហ្ស៊ីគីស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយថា “យើងបានកត់សម្គាល់ពីភាពតានតឹងកើនឡើងយ៉ាងខ្លាំងនៅតាមព្រំដែនអាហ្វហ្គានីស្ថាន-តាហ្ស៊ីគីស្ថាន។ចលនាតាលីបង់បានដណ្តើមកាន់កាប់យ៉ាងលឿនលើផ្នែកយ៉ាងធំនៃស្រុកតាមព្រំដែននិងបច្ចុប្បន្នគ្រប់គ្រងព្រំដែនប្រហែល២ភាគ៣។ រដ្ឋាភិបាលក្រុងមូស្គូជំរុញឱ្យគ្រប់ភាគីបង្ហាញការអត់ធ្មត់”។
លោកស្រីបាននិយាយថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការបន្ថែមដើម្បីទប់ស្កាត់ការឈ្លានពានលើសម្ពន្ធមិត្តរបស់ខ្លួនតាហ្ស៊ីគីស្ថាន និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ចៀសវាងធ្វើឱ្យរាលដាលភាពតានតឹងចេញក្រៅពីប្រទេសនេះ។
លោកបៃដិននិយាយថា សហរដ្ឋអាម៉េរិក “មិនបានទៅអាហ្វហ្គានីស្ថានដើម្បីកសាងប្រទេសនេះទេ” ហើយប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងប៉ុណ្ណោះជាអ្នកកំណត់អនាគតរបស់ពួកគេ។
ប៉ុន្តែលោកបានទទួលស្គាល់អំពីភាពមិនប្រាកដប្រជាអំពីអនាគតរបស់ប្រទេសនេះ។
នៅពេលសួរថាតើក្រុមតាលីបង់នឹងដណ្តើមកាន់កាប់ប្រទេសនេះដោយ “ចៀសមិនរួច” ឬយ៉ាងណា លោកប្រធានាធិបតីនិយាយថា “ទេវាមិនអាចទេ”។
ប៉ុន្តែលោកបានសារភាពថា “លទ្ធភាពដែលថានឹងមានរដ្ឋាភិបាលបង្រួបបង្រួមមួយនៅអាហ្គានីស្ថានដែលគ្រប់គ្រងប្រទេសទាំងមូលគឺមិនទំនងកើតឡើងទេ”៕