ឆេះរោងចក្រនៅប្រទេសបង់ក្លាដែសសម្លាប់មនុស្ស៥២នាក់

អគ្កិភ័យបានបំផ្លាញរោងចក្រមួយនៅបង់ក្លាដែស និងសម្លាប់មនុស្សយ៉ាងតិច៥២នាក់ ដែលជាប់ក្នុងអណ្តាតភ្លើង។អគ្គិភ័យដែលបានចាប់ផ្តើមតាំងពីរសៀលថ្ងៃព្រហស្បតិ៍ និងបន្តឆេះដល់ថ្ងៃសុក្រ បានបង្ខំអោយកម្មករជាច្រើនលោតចុះពីជាន់ខ្ពស់ៗដើម្បីសង្គ្រោះជីវិតរបស់គេ។

ប៉ូលិសបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សប្រមាណ៣០នាក់បានរងរបួសនិងសាច់ញាតិរាប់រយនាក់រួមទាំងកម្មករនៅរង់ចាំខាងក្រៅរោងចក្រផលិតអាហារនិងភេសជ្ជៈនេះ នៅពេលភ្លើងបន្តឆាប់ឆេះ។

អគ្គិភ័យនេះបានកើតឡើងនៅរោងចក្រអាហារនិងភេសជ្ជៈHashem Food and Beverage នៅក្រុងរូបហ្កាន់ ដែលជាទីប្រជុំជនមួយនៅក្រៅទីក្រុងដាក្កា កាលពីរសៀលថ្ងៃព្រហស្បតិ៍ហើយនៅបន្តឆាបឆេះនៅ២៤ម៉ោងក្រោយមកទៀត។

ដំបូងប៉ូលិសបានរាយការណ៍មានអ្នកស្លាប់តែ៣នាក់ទេ តែវាបានកើនឡើងយ៉ាងគំហ៊ុកនៅពេលបុគ្គលិកពន្លត់ភ្លើងចូលទៅដល់ជាន់លើនិងរកឃើញជនរងគ្រោះរាប់សិបនាក់។

អ្នករងរបួសប្រមាណ៣០នាក់ ជាកម្មករដែលបានលោតចុះពីជាន់លើ នៅពេលអណ្តាតភ្លើងលេបត្របាក់អាគារកំពស់៦ជាន់នេះភ្លាមៗនិងបិទខ្ទប់ផ្លូវចុះ។
ប្រទេសនៅអាស៊ីខាងត្បូងមួយនេះមានប្រវត្តិមិនល្អអំពីសុវត្ថិភាពអគ្គិភ័យ ដោយកាលពីខែកុម្ភៈឆ្នាំ២០១៩ មនុស្សប្រមាណ៧០នាក់បានស្លាប់នៅពេលភ្លើងឆាបឆេះអាគារផ្ទះល្វែងនៅក្រុងដាក្កា កន្លែងដែលមានស្តុកទុកសារធាតុគីមីខុសច្បាប់៕