សភាពាណិជ្ជកម្មកម្ពុជា ចាត់ទុកសេចក្តីព្រាងច្បាប់វិនិយោគថ្មី ដែលទើបត្រូវបានរាជរដ្ឋាភិបាល អនុម័ត ជាដែកឆក់ស្រូបទាញវិនិយោគបន្ថែមមកកម្ពុជា

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការគាំទ្រ ចំពោះច្បាប់វិនិយោគ ថ្មី បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

លោកថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា សូមអបអរសារទរចំពោះច្បាប់វិនិយោគថ្មី ដែលបានដាក់ ចេញ ព្រោះសភាពាណិជ្ជកម្មកម្ពុជា និងដៃគូពាក់ព័ន្ធបានចូលរួមប្រជុំពីរលើក ហើយជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ធាតុចូលជាច្រើនដល់ ច្បាប់ថ្មីនេះ។

លោកបន្ដថា «ពេលច្បាប់ថ្មីនេះដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនោះ វាជាឱកាសល្អ ទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងមានប្រព័ន្ធ អនុគ្រោះពន្ធទូទៅ (GSP) ជាមួយអាមេរិក និងអង់គ្លេស ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហគមអឺរ៉ុប ដែលទាំងអស់នេះ ខ្ញុំជឿជាក់ថាច្បាប់ថ្មីនេះ ជាដែកឆក់សម្រាប់ទាក់ទាញ វិនិយោគបន្ថែមទៀតមកកាន់កម្ពុជា»។

លោកបន្ថែមថា នេះក៏ទន្ទឹមពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែ ទម្រង់ស៊ីជម្រៅ ផ្នែកសេដ្ឋកិច្ចនេះ ដើម្បីដើរឲ្យទាន់សភាពការណ៍ នៃការដាក់ឧស្សាហកម្មឌីជីថល នេះជាយុទ្ធសាស្ដ្រដ៏ល្អ ហើយជាការលើកទឹកចិត្តបន្ថែម សម្រាប់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជា បរទេស ដែលអាចទទួលបានផលប្រយោជន៍ពីពីច្បាប់វិនិយោគថ្មីនេះផងដែរ។

លោកថា ច្បាប់ថ្មីនេះក៏មានតំណភ្ជាប់ពីសហគ្រាសធុនតូច និងមធ្យម អ្នកផលិតផលក្នុងស្រុក ដែល ផលិតផ្គត់ផ្គង់ឲ្យរោងចក្រសហគ្រាស ដែលមកវិនិយោគ ដើម្បីជាវត្ថុធាតុដើមក្នុងការនាំចេញ និង ការលើកទឹកចិត្តផ្នែកពន្ធជាដើម។ លោកបញ្ជាក់ថា «កន្លងមកយើងមានបញ្ហាប្រឈមរឿងការផ្គត់ផ្គង់ក្នុងស្រុក ដើម្បីកែច្នៃមានជាប់ VAT ប៉ុន្ដែនៅពេលដែលមានច្បាស់ថ្មីនេះ ខ្ញុំគិតថាអាចនឹងរួច VAT ហើយក៏ជាការលើកទឹកចិត្តឲ្យ សហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្គត់ផ្គង់ ដល់រោងចក្រសហគ្រាស ដែលវិនិយោគនាំ ចេញ»។

អ្វីដែលពិសេសជាងនេះទៀតនោះ ច្បាប់ថ្មីអនុញ្ញាតឲ្យអនុគណៈកម្មការវិនិយោគខេត្តអាចអនុម័ត គម្រោងមានទឹកប្រាក់ធំជាងមុន ដែលច្បាប់ចាស់មានត្រឹម២លានដុល្លារប៉ុណ្ណោះ។

ឧកញ៉ា លឹម ហេង អះអាងថា ក្នុងពេលចូលរួមកិច្ចប្រជុំ សម្រាប់ជាធាតុចូលក្នុងសេចក្តីព្រាងច្បាប់ វិនិយោគថ្មី វិស័យឯកជនបានស្នើសុំឲ្យ អនុគណៈកម្មការវិនិយោគខេត្តអាចអនុម័តគម្រោង វិនិយោគក្នុងតម្លៃក្រោម ១០លានដុល្លារ ដែលការធ្វើបែបនេះ នឹងជួយបង្ខិតរោងចក្រសហគ្រាស ទៅកាន់បណ្ដាខេត្តផ្សេងៗ ងាយស្រួលឲ្យប្រជាពលរដ្ឋ និងកម្មករមានការងារធ្វើនៅនឹងកន្លែង នេះជាការជួយកាត់បន្ថយភាពក្រីក្រ ដោយមិនចំបាច់ចំណាកស្រុក មកកាន់រាជធានីភ្នំពេញ ឬទៅស្រុកក្រៅ ដើម្បីរកការងារធ្វើជាដើម៕