រដ្ឋមន្ត្រីក្រសួងអប់រំអនុញ្ញាតឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ-ស្ថានីយទូរទស្សន៍ថោន បើកការប្រកួតកីឡាប្រដាល់គុនខ្មែរសង្វៀន៨ជ្រុង ចាប់ពីខែមករា ឆ្នាំ២០២២

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានធ្វើលិខិតជម្រាបជូនលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ ន្ធកីឡាប្រដាល់គុនខ្មែរករណីការស្នើសុំ អនុញ្ញាតបើកការប្រកួតសង្វៀន៨ជ្រុងដណ្ដើមខ្សែក្រវ៉ាត់ ជាតិ និងអន្តរជាតិ(IPCC)។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានម្រាបជូន ប្រធានសហព័ន្ធថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយ ស្ថានីយ៍ទូរទស្សន៍ ថោន ហ្វូលអេចឌីធីវី បើកការប្រកួតកីឡាប្រដាល់គុនខ្មែរសង្វៀន៨ជ្រុង ចាប់ពី ខែមករា ឆ្នាំ២០២២ និងចុះរៀបចំការប្រកួតនៅតាមបណ្តាខេត្តចំនួន០៧ ហើយប្រកួតផ្ដាច់ព្រ័ត្រធ្វើ នៅរាជធានីភ្នំពេញដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែរឱ្យពិភពលោកបានស្គាល់និងដឹងថាព្រះរាជាណាចក្រកម្ពុជាមានក្បាច់គុនខ្មែរ ដែលអាចឈានចូលទៅកាន់សង្វៀនអន្តរជាតិ និងពិភពលោក (IPCC) ហើយការប្រកួតនេះត្រូវអនុវត្តតាមច្បាប់ និងបទបញ្ជាប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ការងារបច្ចេកទេសជាបន្ទុករបស់សហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំពោះរាល់ការចំណាយជាបន្ទុក របស់ស្ថានីយ៍ទូរទស្សន៍ថោនទាំងអស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការជាមួយ អង្គភាពជំនាញដើម្បីអនុវត្តការងារនេះ តាមការគួរ៕