យោងតាមសារព័ត៌មាន CNN ចេញផ្សាយនាថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា មនុស្សចំនួន ០៩នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿង ដឹកដោយអ្នកលោតឆ័ត្រយោង បាន ធ្លាក់នៅជិតផ្លូវរត់នាអាកាសយានដ្ឋាន អូរ៉េប្រូ (Orebro) នៃប្រទេសស៊ុយអែត។
យន្តហោះខ្នាតតូចមួយគ្រឿង ដែលមានអ្នកបើកបរម្នាក់ បានដឹកអ្នកលោតឆ័ត្រយោងចំនួន ០៨នាក់ បានធ្លាក់នៅវេលាម៉ោង ៧៖២៣នាទីយប់ (ម៉ោងក្នុងតំបន់) នាថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីហោះ ឡើង ហើយបានឆាបឆេះ បានសម្លាប់មនុស្សទាំងអស់ ដែលជិះនៅលើនោះ «នៅក្នុងគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ», នេះបើយោងតាមសម្តីលោក អេរីក ហៃឌីង (Erik Hiding) មន្ត្រីប៉ូលិសទីក្រុង Orebro បានប្រាប់ CNN។
ប៉ូលិស មិនបានបង្ហាញពីប្រភេទយន្តហោះ ដែលបានធ្លាក់នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានចេញផ្សាយថា វាជាប្រភេទ DHC-2 Turbo Beaver។ យន្តហោះនេះ ត្រូវបានជួលដោយ ក្លិបលោតឆ័ត្រយោង អានណា អូស្កាសុន (Anna Oscarson) ស្ថិតក្នុងទីក្រុង Orebro។
សូមបញ្ជាក់ថា ប៉ូលិសបានបើកការស៊ើបអង្កេតមួយទៅលើករណីនេះ ហើយមិនបានបង្ហើបពីមូល ហេតុនៃការធ្លាក់នោះទេ រហូតដល់ការស៊ើបអង្កេត ត្រូវបានបញ្ចប់។ នាយករដ្ឋមន្ត្រីស៊ុយអែត លោក ស្ទេហ្វាន លូហ្វវែន (Stefan Lofven) ក៏បានចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះករណីនេះ នៅលើគណនី Twitter របស់លោកផងដែរ៕