មនុស្សចំនួន៩នាក់ត្រូវបានចាប់ខ្លួននៅហុងកុងចំពោះផែនការវាយប្រហារដោយគ្រាប់បែក

ប៉ូលិសហុងកុងកាលពីថ្ងៃអង្គារបាននិយាយថា គេបានចាប់ខ្លួនមនុស្ស៩នាក់ចំពោះការសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មបន្ទាប់ពីការរកឃើញផែនការប៉ុនប៉ងមួយដើម្បីផលិតគ្រឿងផ្ទុះ និងបង្កប់គ្រាប់បែកនៅពាសពេញទីក្រុង។ការចាប់ខ្លួននេះកើតឡើងចំពេលមានការបែកបាក់នយោបាយនៅទីក្រុងហិរញ្ញវត្ថុរបស់ចិនមួយនេះ នៅ២ឆ្នាំបន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រាប់ខែ។

កាលពីសប្តាហ៍មុន បុរសហុងកុងម្នាក់បានចាក់ប៉ូលិសម្នាក់នឹងកាំបិត មុនសម្លាប់ខ្លួនឯង។ក្នុងចំណោមអ្នកត្រូវចាប់ខ្លួន មាន៦នាក់ជាសិស្សសាលា។បើតាមប៉ូលិស ក្រុមនេះប៉ុនប៉ងផលិតគ្រឿងផ្ទុះTATPនៅក្នុងបន្ទប់សណ្ឋាគារមួយ។

ពួកគេមានផែនការប្រើវាដើម្បីវាយប្រហារតុលាការ រូងក្រោមដី ផ្លូវរថភ្លើងនិងថែមទាំងមានផែនការដាក់គ្រាប់បែកផលិតអាយទាំងនេះនៅក្នុងធុងសម្រាមនៅតាមដងផ្លូវថែមទៀតដើម្បីបង្កចលាចល។

អាជ្ញាធរបាននិយាយថា គេចាប់បានឧបករណ៍ផលិតនិងសារធាតុប្រើសំរាប់ផលិតគ្រាប់បែកTATP ព្រមទាំងរំសេវផ្ទុះមួយចំនួន។

ប៉ូលិសបានអោយដឹងថា ក្រុមនេះមានផែនការចាកចេញពីហុងកុងក្រោយបានប្រព្រឹត្តវិច្ឆេទកម្មនៅហុងកុង។គ្រាប់បែកច្នៃប្រភេទTATPនេះត្រូវបានប្រើសំរាប់វាយប្រហារភេរវកម្មនៅទូទាំងពិភពលោក។ចាប់តាំងពីឆ្នាំ២០១៩ ប៉ូលិសហុងកុងបានចាប់មនុស្សជាច្រើនចំពោះការមានគំរោងវាយប្រហារដោយគ្រាប់បែកនិងផលិតគ្រាប់បែកTATP៕