អគ្គិភ័យឆេះឃ្លាំងទុកសម្ភារ:រោងការ និងបុណ្យ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ 114R ក្បែរបុរី ជីបម៉ុង ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងរហូតបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ ធ្វើឱ្យប្រជាពលរដ្ឋជួយពន្លត់មិនឈ្នះ ក៏បានរាយ ការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញមកជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាងជាច្រើនគ្រឿង និងរថយន្តជំនួយផ្សេងៗទៀត បានចេញមកធ្វើអន្តរាគមន៍ដោយបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស ដោយប្រើពេលវេលាប្រមាណជិត២ម៉ោង ទើបអគ្គិភ័យរលត់ជាស្ថាពរ។
ចំពោះការខូចខាត គឺឆេះឃ្លាំងស្ទើរតែទាំងស្រុង ហើយនៅខាងក្នុង ឃ្លាំងមានរថយន្តដឹកសម្ភារ:ចំនួន៣គ្រឿង ក្រណាត់ព្រំ និងឈើផ្សេងៗទៀតផងដែរ តែចំពោះមនុស្សមិនមានការបញ្ជាក់ថាមាន អ្នកគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ៕