សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកនូវទស្សនៈ៣ចំណុចអំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន។
ការចែករំលែកទស្សនៈរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក ដែលរៀបចំតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ្តមួយ ដែលតម្រូវឱ្យប្រទេស និង ទាំងគណបក្សនយោបាយទាំងអស់នៅលើពិភពលោក រួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ។ ក្នុងស្មារតីនេះ, សម្តេចសូមចូលរួមចែករំលែកនូវទស្សនៈមួយចំនួន អំពីតួនាទីរបស់គណបក្សនយោបាយ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ ដើម្បីគោលដៅនៃការលើកកម្ពស់សុភមង្គល វិបុលភាព និងសុខមាលភាពប្រជាជន ដូចខាងក្រោម ៖
* ទី១៖ ការតម្កល់ខ្ពស់នូវអាយុជីវិត និងផលប្រយោជន៍ប្រជាជន និងការជ្រោងខ្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និងឯករាជ្យជាតិនីមួយៗ ។ ក្នុងន័យនេះ, គណបក្សនយោបាយទាំងអស់,ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការ ដណ្តើមអំណាចឱ្យខាងតែបានតាមគ្រប់មធ្យោបាយ ដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ ។ ក្នុងកាលៈទេសៈពោរពេញដោយភាពប្រឈមដ៏ស្រួចស្រាលនេះ គណៈបក្សនយោបាយ គួរតែប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ព្រមទាំងបញ្ឈប់ឱ្យបាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបស្ថាបនានិយម និងស្មារតីនៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិ និងប្រជាជន, ទាំងក្នុងក្របខណ្ឌពិភពលោក ក៏ដូច ជាក្នុងប្រទេសនីមួយៗ។
* ទី២៖ ការរួបរួមគ្នាសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យ បានជោគជ័យ ។ គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែងដើម្បីគោលដៅនេះ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ «វ៉ាក់សាំងពហុភាគី និយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់ ។ ក្នុងន័យនេះ ខ្ញុំសូមសម្តែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយគាំទ្រយ៉ាង ក្លៀវក្លាដល់កម្ពុជា តាមរយៈការផ្ដល់ជំនួយ, ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ, និងជាពិសេស ជំនួយជា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួល និងការផ្ដល់អាទិភាពដល់កម្ពុជា ចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំង ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយឥតលក្ខខណ្ឌ ដូចពាក្យ ស្លោកថា «មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន» ។
* ទី៣៖ នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើប ឡើងវិញនៃសង្គមសេដ្ឋកិច្ច គឺជាកិច្ចការមួយដ៏សំខាន់មិនអាចខ្វះបាន ។ ប្រការនេះ នឹងទាមទារឱ្យ មានការលើកកម្ពស់យន្តការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចជា គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឈ្នះ-ឈ្នះមួយដ៏សំខាន់ ក្នុងការលើកកម្ពស់សង្គមសេដ្ឋកិច្ច និង វិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងមុតមាំចំពោះ «គំនិតផ្ដួច ផ្តើមខ្សែក្រវាត់ និងផ្លូវ» ដែលនឹងនាំមកនូវវិបុលភាព និងសុភមង្គល ជូនដល់ប្រជាជននៅក្នុងបណ្តា ប្រទេស និងតំបន់ ស្ថិតក្រោមវិសាលភាពនៃគំនិតផ្ដួចផ្តើមនេះ នៅក្នុងបរិបទនៃការងើបឡើងវិញនៃ សង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដ៕