ដីព្រៃលិចទឹកតំបន់៣ ជាច្រើនហិកតា នៅខេត្តកំពង់ឆ្នាំង ត្រូវជនខិលខូចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ មន្ត្រីជំនាញចុះពិនិត្យ និងកសាងសំណុំរឿងទៅតុលាការ

យ៉ាងហោចណាស់មានដីព្រៃលិចទឹកតំបន់៣ នៅចំណុចព្រែកថ្លាន់ក្នុងឃុំកំពង់ព្រះគគីរ ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រមាណជាង ១០ហិកតា ត្រូវបានគេកាប់ទន្ទ្រានយកជាកម្មសិទ្ធិ។

ចំពោះករណីនេះ ក្រុមចម្រុះដឹកនាំដោយមន្ត្រីជំនាញ បានចុះទៅត្រួតពិនិត្យជាក់ស្ដែងនៅល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ និងបានបញ្ជាក់ថា ពិនិត្យឃើញតែជាង៨ហិកតាប៉ុណ្ណោះដែលរងការ កាប់ទន្ទ្រាន និងកំពុងស្រាវជ្រាវរកមុខសញ្ញាកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ជុំវិញករណីខាងលើនេះ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទឱ្យដឹងថា «ក្រោយពីទទួលបានការរាយ ការណ៍ ពីប្រជាពលរដ្ឋឃុំកំពង់ព្រះគគីរ ពាក់ព័ន្ធនឹងបទល្មើសបំផ្លាញដីព្រៃលិចទឹកខាងលើនេះ មន្ត្រីជំនាញបានសហការជាមួយក្រុមចម្រុះ មានលោកមេឃុំ សហគមន៍ និងមន្ត្រីនគរបាលមូលដ្ឋាន ចុះទៅពិនិត្យជាក់ស្ដែងឥឡូវនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

ក្រោយពីបានចុចនិយាមការពិនិត្យឃើញថា ព្រៃលិចទឹកបានរងការខូចខាតនៅចំណុចខាងលើនេះ សរុបចំនួនជាង ៨ហិកតា ក្នុងនោះបានកាប់ថ្មីអស់ ១ហិកតា និងជាង ៧ហិកតាទៀត បានកាប់កាល ពីឆ្នាំកន្លងទៅ។ ករណីនេះដែរ សមត្ថកិច្ចជំនាញនិងបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធដើម្បីកសាង សំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ។

មន្ត្រីជំនាញក៏សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ និងសហគមន៍ សូមសហការគ្នារាយការណ៍ឱ្យ បានទាន់ពេលវេលា ករណីឃើញមានបទល្មើស កើតឡើងដូចខាងលើដោយត្រូវរាយការណ៍មក ជំនាញជាបន្ទាន់ ដើម្បីរួមគ្នាការ ពារព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិឱ្យបានគង់វង្ស សម្រាប់កូន ចៅយើងតទៅអនាគត៕