យ៉ាងហោចណាស់មានស្ត្រីម្នាក់បានបាត់បង់ជីវិត ដោយសារបាតុភូតធម្មជាតិរន្ទះបាញ់ និងផ្ទះប្រជាពលរដ្ឋចំនួន ១០១ខ្នង ត្រូវបានខូចខាតដោយភ្លៀងផ្គរ ខ្យល់ កន្ត្រាក់ បោកបក់ខ្លាំង ទៅលើឃុំចំនួន៣ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
ប្រភពពីសមត្ថកិច្ចស្រុកកំពង់ស្វាយ បានឲ្យដឹងថា ហេតុការនេះកើតឡើងវេលាម៉ោងប្រមាណ ៥៖៣៧នាទី ស្ថិតក្នុងភូមិសាស្រ្ត ឃុំកំពង់ស្វាយ ឃុំត្រពាំងឬស្សី ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងហេតុការនោះដែរបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ របួសមនុស្ស២នាក់ និងខូចខាតផ្ទះរបស់ប្រជាពលរដ្ឋរួមមាន ១៖ឃុំកំពង់ស្វាយ រន្ទះបាញ់បណ្តាល ឲ្យស្លាប់មនុស្ស ម្នាក់ឈ្មោះ ញឹប ហ៊ីន ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិឥន្តកុមារ។ ២៖ ឃុំត្រពាំងឬស្សី មានដើមក្រឡាញ់ រលំសង្កត់អាគារអធិការដ្ឋាន ១ជ្រុង។
៣៖ ឃុំសាន់គ ប៉ះពាល់២ភូមិ ក្នុងនោះមានភូមិស្លែងខ្ពស់ រលំផ្ទះទាំងស្រុង៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន៤៧ខ្នង របួសមនុស្សស្រាល២នាក់ និងភូមិជ័យ រលំរោងម៉ាស៊ីនតុទូរទំហំ ១០ម៉ែត្រ X១៥ម៉ែត្រ ១ខ្នង និងរបើកដំបូលនិងខូចខាតមធ្យមចំនួន៤៩ខ្នង។
សូមបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់នេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងអស់សរុប ១០១ខ្នង ក្នុងនោះរលំទាំង ស្រុងមានចំនួន ៤ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៤៩ខ្នង ស្លាប់មនុស្ស១នាក់ និងរបួសស្រាលមនុស្ស ២នាក់ជាស្ត្រី៕