អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន នៅព្រឹកថ្ងៃទី៦ខែកក្កដា នេះ បានហៅការចេញរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) ដែលបានដាក់បញ្ចូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅក្នុងបញ្ជីឈ្មោះមេដឹកនាំដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាននោះ គឺជាការនិយាយមិនពិតនិងមិនអាចទទួលយកបាន។ថ្មីៗនេះ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចាត់បញ្ជូលឈ្មោះសម្តេចតេជោ ហ៊ុន សែន ទៅក្នុងបញ្ជីឈ្មោះមេដឹកនាំដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន។
អង្គការនេះបានលើកឡើងអំពីការរារាំង ធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាញព័ត៌មានឯករាជ្យ មិនថា ជាអ្នកកាសែតសារព័ត៌មាន ឬ វិទ្យុ ជាដើម។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រាប់អ្នកកាសែតថារបាយការណ៍របស់អង្គការ អ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយកបាន។
ឯកឧត្តម បន្តថា បើប្រៀបធៀបកម្ពុជានៅក្នុងតំបន់គឺកម្ពុជាដើរ មុនគេនៅក្នុងការធ្វើឲ្យរីកសាយនៃវិជ្ជាជីវៈសារព័ត៌ មានដែលប្រទេសដទៃអត់មានទេ។បើប្រៀបធៀបនៅក្នុងតំបន់កម្ពុជា មានអ្នកនាំពាក្យគ្រប់ក្រសួងគ្រប់ស្ថាប័នពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីសម្របសម្រួលសេរីភាពរបស់អ្នកសារព័ត៌មាន។
អ្នកនាំពាក្យទាំងអស់គឺអាចទំនាក់ទំនងបាន២៤ម៉ោងដើម្បីសម្រួលដល់ការឆ្លងឆ្លើយរវាងរាស្ត្រនិងរដ្ឋឱ្យរឹតតែកៀកជាប់គ្នាទាំងអស់ដើម្បីធ្វើយ៉ាងម៉េចឲ្យព័ត៌មានរបស់រាជរដ្ឋាភិបាលជិតជាមួយនឹងប្រជាពលរដ្ឋ ។ពោលចង់ពន្លឿនអ្វីទៅកំណែទម្រង់របស់រដ្ឋាភិបាល គឺការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាព និងប្រសិទ្ធិភាព។
ឯកឧត្តម ផៃ ស៊ីផាន បន្តថា ការអប់រំអ្នកសារព័ត៌មាននៅកម្ពុជាខុសប្លែកពីអ្នកសារព័ត៌មាននៅបរទេស ។
អ្នកសារព័ត៌មានបរទេសដែលមកធ្វើការនៅស្រុកខ្មែរគឺជាសកម្មជនមិនមែនជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈទេ ។ភាគច្រើនគឺជាសកម្មជនដែលមានរបៀបវារៈលាក់លៀមនៅពីក្រោយខ្នង ។
គេមិនបានចូលរួមនៅក្នុងការកសាងនិងការពង្រឹងនៃការដឹងការយល់ ហើយនិងការចូលរួមរបស់ប្រជាពលរដ្ឋទេ ។
គឺព័ត៌មានរបស់គេគ្រាន់តែជាអ្នកបំបែកប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ចំណែក ចំនួនអ្នកសារព័ត៌មាននៅកម្ពុជាមានចំនួនរីកសាយទាំងបរិមាណ និងគុណភាពនិងការចូលរួមនៅក្នុងការកសាងជាតិ កសាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ នៅក្នុងការកសាងជាតិចំណុចសំខាន់ គឺកំណែទម្រង់ឲ្យសេវាកម្មផ្តល់ដល់មហាជនដើម្បីឲ្យមហាជនមានឱកាសក្នុងការចូលរួមជាមួយនិងការកសាងជាតិ ហលយសេវកម្មនេះប្រកបដោយប្រសិទ្ធិភាព លទ្ធផលល្អ និងមានគុណភាព ៕