ចុងសប្ដាហ៍ទីមួយ នៃខែកក្កដា មានភ្ញៀវជាង ៧ ម៉ឺននាក់ ចេញដើរលេងទូទាំង ប្រទេស

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថាៈ រយៈពេលពីរថ្ងៃ ចុងសប្តាហ៍ទីមួយ នៃខែកក្កដា ឆ្នាំ២០២១ មានភ្ញៀវទេសចរសរុប ៧៣.៧៩៧ នាក់ បានចេញដើរទស្សនា កម្សាន្ត នៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិ មានចំនួន ៧២.៦៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១.១១៦ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ១៥.៨០៨ នាក់, ខេត្តកំពត ១១.២០៧ នាក់, ខេត្តបាត់ដំបង ៩.៥៣៦ នាក់, ខេត្តព្រះសីហនុ ៧.៩១១នាក់, ខេត្តកំពង់ស្ពឺ ៥.៧០០ នាក់ និងខេត្តកណ្តាល ៥.២៨២ នាក់។

ឯកឧត្តម ថោង ខុន បានបន្តថាៈ ចំនួននេះ មានការថយចុះ ប្រមាណ ១៧,៨៧% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦០,១១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០។

ការថយចុះបន្តិច នៃចំនួនភ្ញៀវទេសចរ ធៀបនឹងសប្តាហ៍ កន្លងមកនេះ ដោយសារការ រឹតបន្តឹង វិធានការរដ្ឋបាលរបស់ រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីក រាលដាល នៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាព រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ មួយចំនួន ដែលប្រឈមហានិភ័យ នៃការកើនឡើង ជំងឺកូវីដ-១៩ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេររួមជាមួយគោលដៅ អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់ សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង៕