ប្រទេសថៃមានអ្នកស្លាប់ដោយកូវីដ១៩ចំនួន៥៧នាក់បន្ថែម និងឆ្លង៥.៤២០នាក់ថ្មីនៅពេលវីរុសប្រភេទដែលតានឹងរាតត្បាតក្រុងបាងកក

អាជ្ញាធរសុខាភិបាលថៃកាលពីថ្ងៃអង្គារ បាននិយាយថា អ្នកជំងឺកូវីដ១៩ចំនួន៥៧នាក់បានស្លាប់និង៥.៤២០នាក់ទៀតឆ្លងនៅ២៤ម៉ោងកន្លងទៅ។ចំនួននេះធ្វើអោយព្រះរាជាណាចក្រថៃមានអ្នកឆ្លងកូវីដ១៩សរុប ២៩៤.៦៥៣នាក់ និង២.៣៣៣នាក់ស្លាប់ចាប់តាំងពីវីរុសកូរ៉ូណាបង្ហាញខ្លួននៅក្នុងព្រះរាជាណាចក្រនេះកាលពីដើមឆ្នាំមុនមក។

ឥឡូវវីរុសកូរ៉ូណាបំប្លែងខ្លួនចម្លងខ្លាំងប្រភេទ ដែលតា(Delta)ដែលគេរកឃើញដំបូងនៅឥណ្ឌា កំពុងចាប់ផ្តើមរាតត្បាតក្នុងរដ្ឋធានីបាងកករបស់ថៃ គឺ៥២ភាគរយក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មីៗនេះ ហើយអ្នកជំនាញការរំពឹងថាវានឹងត្រួតត្រាលើវីរុសកូរ៉ូណាប្រភេទផ្សេងៗទៀតដូចជា អាល់ហ្វា(Alpha)នៅយ៉ាងយូរត្រឹមចុងខែនេះ ។

វេជ្ជបណ្ឌិត ស៊ូផាឡីត ស៊ីរីឡាក់ នាយកនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយកាលពីថ្ងៃចន្ទថាការឆ្លងកូវីដ១៩ប្រមាណ៣២ភាគរយនៅទូទាំងប្រទេសនៅមួយសប្តាហ៍មកនេះបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទដែលតា ភាគច្រើននៅក្រុងបាងកកនិងបណ្តាខេត្តជុំវិញ។

នៅបាងកកតែឯង ការឆ្លងកូវីដ១៩ចំនួន៥២ភាគរយបង្កឡើងដោយវីរុស ដែលតា នៅពេលវីរុសប្រភេទនេះបានមានវត្តមានរួចជាស្រេចនៅ៤៧ខេត្តរបស់ថៃ រួមមានតំបន់ភាគខាងត្បូង។បើតាមលោកស៊ូផាឡីត ស៊ីរីឡាក់ វីរុសប្រភេទដែលតានេះ ត្រូវបានរកឃើញនៅគ្រប់សង្កាត់ ភាគច្រើននៅបាងកកភាគខាងជើង ដូច្នេះ«យើងអាចនិយាយថាវីរុសដែលតាកមពុងឆ្លងរាលដាលនៅក្នុងទីក្រុងនេះ»។

ក្នុងពេលជាមួយគ្នា អ្នកជំនាញវីរុស លោកយ៉ុង ពូវ៉ូរ៉ាវ៉ាន បានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុកថា វីរុសដែលតា នឹងចូលជំនួសវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទ អាល់ហ្វានិងក្លាយជាវីរុសរាតត្បាតនាំមុខគេនៅថៃក្នុងពេលឆាប់ៗ៕