ប្រធានាធិបតីចិនចង់ឃើញអឺរ៉ុបមានភាពឯករាជ្យ មិនលម្អៀង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយចិនឲ្យកាន់តែល្អប្រសើរ

យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានថ្លែងទៅកាន់ប្រធានាធិបតី បារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល ថា លោករំពឹងចង់ឃើញប្រទេសចិន និងសហភាពអឺរ៉ុប អាចពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ ប្រសើរឡើង ដើម្បីឆ្លើយតបក៏ដូចជាដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់ពិភពលោក។

លោក ស៊ី ជិនពីង បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយ លោក ម៉ាក្រុង និងលោកស្រី មើគែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក ស៊ី ជិនពីង ក៏បានបង្ហាញក្ដីរំពឹងផងដែរថា អឺរ៉ុបអាចនឹងដើរតួនាទីកាន់តែច្រើន នៅក្នុងកិច្ចការ អន្តរជាតិ, ដើរតាមយុទ្ធសាស្ត្រឯករាជ្យម្ចាស់ការលើខ្លួនឯង និងផ្ដល់តម្លាភាព យុត្តិធម៌ និងបរិយា កាសមិនលម្អៀង សម្រាប់បណ្ដាក្រុមហ៊ុនចិន។

សូមជម្រាបថា កាលពីខែឧសភាកន្លងទៅ សភាអឺរ៉ុបបានលុបចោលការផ្ដល់សច្ចាប័ន លើកិច្ចព្រម ព្រៀងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសចិន រហូតទាល់ទីក្រុងប៉េកាំង ដកទណ្ឌកម្មចេញពី ក្រុមមន្ត្រី និងអ្នកនយោបាយអឺរ៉ុបជាមុនសិន។

ទំនាក់ទំនងរវាងចិន និងអឺរ៉ុបត្រូវបានគេមើលឃើញ ថា ជួបភាពតានតឹងបន្ថែម នៅក្នុងឆ្នាំ២០២១នេះ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានងាកមកចាប់ដៃគូជាមួយអឺរ៉ុបខ្លាំងឡើងវិញ ស្ថិតក្នុងគោលដៅរាំងខ្ទប់ឥទ្ធិពលចិន នៅ លើពិភពលោក៕