ខ្មាន់កាំភ្លើងបានចាប់ពង្រត់សិស្សសាលាចំនួន ១៤០ នាក់នៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា

ក្រុមមន្ត្រីសាលានិងប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងបានចាប់ពង្រត់សិស្សសាលាចំនួន ១៤០នាក់ពីសាលារៀនមួយនៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃចន្ទទី៥កក្កដា។

ក្រុមប្រដាប់អាវុធធុនធ្ងន់បានញាំញីភាគពាយព្យនិងភាគកណ្តាលប្រទេសនីហ្សេរីយ៉ាជាយូរយារណាស់មកហើយ ដោយលួចប្លន់គោក្របីនិងចាប់ពង្រត់មនុស្សដើម្បីទទួលប្រាក់លោះប៉ុន្តែចាប់តាំងពីដើមឆ្នាំនេះមក ពួកវាបានផ្តោតគោលដៅទៅលើសាលារៀននិងសាកលវិទ្យាល័យកាន់តែខ្លាំងឡើង។

ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនិងផ្តួលកម្លាំងសន្តិសុខយ៉ាងងាយ បន្ទាប់ពីវាយលុកចូលវិទ្យាល័យបេថែលបាបធីស ក្នុងរដ្ឋកាឌូណា កាលពីព្រឹកថ្ងៃចន្ទមុនពេលចាប់ពង្រត់សិស្សភាគច្រើនក្នុងចំណោមសិស្ស ១៦៥ នាក់។

គ្រូបង្រៀនឈ្មោះ មូស្តាហ្វា ឃុមបេ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ក្រុមចាប់ពង្រត់បាននាំយកសិស្ស ១៤០ នាក់ មានតែសិស្ស ២៥ នាក់ប៉ុណ្ណោះអាចរត់គេចខ្លួនបាន”។

ឪពុកម្តាយខកចិត្តជាច្រើនបានរង់ចាំព័ត៌មានយ៉ាងអន្ទះអន្ទែងអំពីក្មេងៗដែលបាត់ខ្លួននៅជិតសាលារៀន។

លោកឃុមបេជាឪពុករបស់សិស្សម្នាក់ដែលត្រូវគេចាប់ពង្រត់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “រដ្ឋាភិបាលនេះបរាជ័យជាមួយប្រជាជននៅកាឌូណា។យើងនឹងតវ៉ាហើយបន្តធ្វើការតវ៉ាទៀតរហូតដល់កូនៗរបស់យើងត្រូវគេប្រគល់មកវិញ”៕