ប្រទេសឥណ្ឌូនេស៊ីងាកមករកសេវាវេជ្ជសាស្ត្រពីចម្ងាយសម្រាប់អ្នកជំងឺកូវីដ១៩ ខណៈមន្ទីរពេទ្យជោរជន់ដោយអ្នកជំងឺ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទទី៥កក្កដាថា ឥណ្ឌូនេស៊ីនឹងផ្តល់សេវាវេជ្ជ សាស្ត្រពីចម្ងាយ (telemedicine)ដោយឥតគិតថ្លៃដល់អ្នកជំងឺកូរ៉ូណាដែលមានរោគសញ្ញាស្រាល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយសម្ពាធលើវិស័យថែទាំសុខភាពដែលជន់លិចដោយចំនួននៃករណីកូវីដ១៩។

ដោយមានចំនួនឆ្លងច្រើនបំផុតជាច្រើនថ្ងៃកាលពីសប្តាហ៍មុននិងអ្នកស្លាប់លើស ៥០០នាក់ស្ទើររាល់ថ្ងៃ ប្រទេសឥណ្ឌូនេស៊ីកំពុងតែប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ១៩អាក្រក់បំផុតមួយនៅអាស៊ី ដែលជំរុញដោយមេរោគកូរ៉ូណាបំប្លែងខ្លួន Delta ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ប៊ូឌី ហ្គូណាឌី សាឌីគីន បានប្រាប់សន្និសីទកាសែតថា សេវាកម្មពីចម្ងាយនឹងត្រូវបានផ្តល់ជូនចាប់ពីថ្ងៃអង្គារទី៦កក្កដាដោយក្រុមហ៊ុនសុខភាពពីចម្ងាយដូចជា Alodokter និង Halodoc ហើយនឹងរួមបញ្ចូលការពិគ្រោះយោបល់និងការដឹកជញ្ជូនថ្នាំដោយឥតគិតថ្លៃ។

លោកបាននិយាយថា “អ្នកជំងឺវិជ្ជមានកូវីដ១៩ អាចទទួលបានសេវាវេជ្ជសាស្ត្រទាន់ពេលវេលាដោយមិនចាំបាច់រង់ចាំជាជួរតាមមន្ទីរពេទ្យទេ ដូច្នេះមន្ទីរពេទ្យអាចផ្តល់អាទិភាពដល់អ្នកជំងឺដែលមានរោគសញ្ញាមធ្យម ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ”។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី ស្រ៊ី មូលីយ៉ានី អ៊ីនដ្រាវ៉ាទី បាននិយាយកាលពីថ្ងៃចន្ទថា ការចំណាយលើសុខភាពនឹងត្រូវដំឡើងម្តងទៀតរហូតដល់ចំនួន ១៩៣,៩៣ លានលានរូពៀ (៤៣០,៧ ពាន់លានបាត) សម្រាប់ការព្យាបាលមេរោគកូរ៉ូណា ការធ្វើតេស្តិ៍ ការតាមដាន ការផ្តល់ថ្នាំ ការចាក់វ៉ាក់សាំង និង ការផ្តល់ឧបករណ៍ការពារ។

ក្រសួងសុខាភិបាលបាននិយាយថា ការកាន់កាប់គ្រែមន្ទីរពេទ្យមាន ៧៥ ភាគរយនៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី ២ ខែកក្កដា ប៉ុន្តែមន្ទីរពេទ្យមួយចំនួននៅលើកោះជ្វាដែលមានប្រជាជនច្រើនជាងគេបានរាយការណ៍ថាមានសមត្ថភាពជាង ៩០ ភាគរយរួមទាំងនៅរដ្ឋធានីហ្សាការតាផងដែរ។

កង្វះអុកស៊ីសែនក៏ត្រូវបានរាយការណ៍ផងដែរ ដែលអាជ្ញាធរសន្មតថាបណ្តាលមកពីឧបសគ្គនៃការបែងចែកនិងសមត្ថភាពផលិតកម្មនៅមានកម្រិត៕